វិនិយោគិនអាមេរិកមួយក្រុម កំពុងស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍ នៅកម្ពុជា

43556
  • ប្រតិភូវិនិយោគ និងទេសចរណ៍មួយក្រុម បានស្កាត់ពីទីក្រុងឡូសអេនជេលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីស្វែងរកឱកាសវិនិយោគ លើវិស័យទេសចរណ៍ ថាមពល និងវិស័យនានានៅកម្ពុជា ខណៈបរិយាកាសវិនិយោគក្នុងប្រទេសសន្តិភាពមួយនេះ កំពុងផ្ដល់ភាពអនុគ្រោះខ្ពស់ចំពោះធុរជន និងវិនិយោគិនគ្រប់គ្នា ។ បន្ទាប់ពីបានជួបពិភាក្សាជាមួយក្រសួង-ស្ថាប័នមួយចំនួនរួចមក ប្រតិភូវិនិយោគ និងទេសចរណ៍មួយក្រុមនេះ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

    ប្រតិភូវិនិយោគ និងទេសចរណ៍នេះ ត្រូវបានដឹកនាំដោយលោក ហួត គីមឆា កុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងលោក Norman Arikawa តំណាងកំពង់ផែ LA Port ដើម្បីជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។
    ក្រោយបញ្ចប់កិច្ចពិភាក្សា ឯកឧត្តម សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងកិច្ចពិភាក្សាខាងលើ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានជម្រាបពីវឌ្ឍនភាពលើវិស័យទេសចរណ៍ ក៏ដូចជាគោលនយោបាយ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍវិស័យអាទិភាពមួយនេះ ឱ្យរីកចម្រើនឈានឡើង សំដៅធ្វើយ៉ាងណាប្រែក្លាយកម្ពុជា ទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ ប្រកបដោយភាពទាក់ទាញខ្ពស់ ។
    ឯកឧត្តម សូ វិសុទ្ធី បានបន្តថា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានលើកបង្ហាញពីបរិយាកាស និងគោលនយោបាលលើកទឹកចិត្ត ដល់ការវិនិយោគក្នុងវិស័យទេសចរណ៍ ដូចជាការដាក់ចេញគោលនយោបាយ និងលើកចិត្តឱ្យមានការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ គេហដ្ឋានទីពីរ (Second Home) និងគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយចីរភាព ស្របតាមទស្សនទាន «ស្អាត និងបៃតង» ។

    បើតាមឯកឧត្តម សូ វិសុទ្ធី ក្រុមហ៊ុនវិនិយោគធំៗរបស់អាមេរិក បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង មកលើសក្តានុពលទេសចរណ៍កម្ពុជា ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមជាមួយចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ក្នុងការសម្រេចកំណើនទេសចរឱ្យបានប្រមាណ ៧លាននាក់ ក្នុងឆ្នាំ២០២០ និងប្រមាណ ១៥លាននាក់ ក្នុងឆ្នាំ២០៣០ ដែលត្រូវការការវិនិយោគលើវិស័យហេដ្ឋារចនាសម្ពន្ធ ផលិតផលទេសចរណ៍ ក៏ដូចជាធនធានមនុស្សក្នុងវិស័យទេសចរណ៍ជាដើម ។
    ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចចក្ខុវិស័យនេះទៅបាន កម្ពុជាចាំបាច់ត្រូវមានការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងតភ្ជាប់ហេដ្ឋារចនាសម្ពន្ធ ក៏ដូចជាជើងហោះហើរត្រង់កាន់តែច្រើនជាមុន ។
    ក្រសួងទេសចរណ៍ បានបង្ហាញពីសក្ដានុពលទាក់ទាញខ្ពស់នៅតាមប៉ូលទេសចរណ៍សំខាន់ៗរបស់កម្ពុជា មានដូចជារាជធានីភ្នំពេញ សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ-ភូមិភាគនិរតី និងតំបន់ភូមិភាគឦសាន ដែលកំពុងត្រូវការការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត ។
    ជាមួយគ្នានោះ ក្រុមអ្នកវិនិយោគមកពីអាមេរិកនេះ ក៏បានបង្ហាញពីគោលបំណងចង់បណ្ដាក់ទុនវិនិយោគលើផ្នែកសណ្ឋាគារលំដាប់ខ្ពស់ ការវិនិយោគលើវិស័យថាមពល ពិសេសថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជាថាមពលព្រះអាទិត្យ និងយានជំនិះប្រើប្រាស់អ៉ីដ្រូហ្សែន ជាដើម ។

    ពួកគេក៏បានបង្ហាញពីបំណងជួយជំរុញឱ្យមានលំហូរទេសចរ ពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាកាន់តែច្រើនផងដែរ ខណៈនៅឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរមកពីអាមេរិកជាង ២៥ម៉ឺននាក់ ស្ថិតក្នុងចំណាត់ថ្នាក់ទី៦ នៃចំនួនភ្ញៀវទេសចរអន្តរជាតិទាំង១០ប្រទេសដែលមកទស្សនាកម្ពុជា ហើយក្នុងរយៈពេល៩ខែ នៃឆ្នាំ២០១៩នេះ ភ្ញៀវទេសចរមកពីអាមេរិកមានប្រមាណជាង ១៧ម៉ឺននាក់ ស្ថិតក្នុងចំណាត់ថ្នាក់ទី៦ដដែល ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី