CAMSOC ជម្រុញគណៈកម្មការ​ជំនាញ​ពិសេសទាំង ៦ ដើម្បី​ត្រៀម​ដំណើរ​ការ​នៅ​ដើម​ឆ្នាំ២០២០

52880
  • គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ បានបើកកិច្ចប្រជុំលើកដំបូង ស្ដីពីការត្រួតពិនិត្យ គណៈកម្មការជំនាញចំនួន ៦ ដើម្បីជំរុញផែនការសកម្មភាព និងកម្មវិធីការងារសម្រាប់ត្រៀមដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០២០ ខាងមុខ ។

    កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍របស់ CAMSOC រួមទាំងមន្ដ្រីគណៈកម្មការ ជំនាញទាំង៦ ទី១. គណៈកម្មការកីឡា និងបទប្បញ្ញត្ដិ ទី២. គណៈកម្មការទីលានប្រកួត ទី៣. គណៈកម្ម រវប្បធម៌បរិស្ថាន និងអប់រំកីឡា ទី៤. គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ទី៥. គណៈកម្មការទីផ្សារ និងចលនាឧបត្ថម្ភ និងទី៦. គណៈកម្មការពិធីបើក-បិទ ។
    បន្ទាប់ពីចប់កិច្ចប្រជុំឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំលើកទី១ ដើម្បីត្រួតពិនិត្យគណៈជំនាញពិសេសចំនួន ៦ ដែលជាគណៈកម្មការឈានមុខ សម្រាប់ធ្វើដំណើរទៅរៀបចំផែនការការងារ និងសកម្មភាពរបស់ខ្លួន ចាប់ពីដើមឆ្នាំ២០២០ ខណៈគណៈកម្មការទាំង ៦ មានរចនាសម្ព័ន្ធ និងការតែងតាំងរួចរាល់ហើយ នៅឡើយតែការជំរុញបន្ថែម ដើម្បីបំផុសឲ្យមានការរៀបចំសកម្មភាព កម្មវិធីការងារ និងគម្រោងថវិកា សម្រាប់ដំណើរការអមគ្នាជាមួយ CAMSOC ប៉ុណ្ណោះ ។

    ឯកឧត្តមបន្ដថា៖ ” អ្វីដែលត្រូវបានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំ គឺឯកឧត្តមបណ្ឌិត ថោង ខុន បានប្រគល់តួនាទី ឲ្យគណៈកម្មការនីមួយៗត្រូវចាប់ផ្ដើមធ្វើផែនការការងាររៀងៗខ្លួន ហើយត្រូវកំណត់ពេលវេលា ត្រួតពិនិត្យការងារជាប្រចាំ ។ ចឹងការងារក្នុងគណៈកម្មការជំនាញទាំងអស់ សំខាន់ជាងគេគឺរឿងកម្មវិធី កំណត់ប្រភេទកីឡា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការកំណត់កម្មវិធីផ្សព្វផ្សាយអប់រំសង្គម ពាក់ព័ន្ធទៅនឹងយុទ្ធនាការមួយចំនួន ឆ្ពោះទៅរកស៊ីហ្គេម និងកម្មវិធីធ្វើគ្រោងឆ្អឹងរៀបចំពិធីបើក-បិទ ដើម្បីឆ្លងថ្នាក់ដឹកនាំជាដើម ” ។

    ទន្ទឹមជាមួយគ្នា រដ្ឋមន្ដ្រី ថោង ខុន ក៏បានជំរុញឲ្យគណៈកម្មការនីមួយៗ ត្រូវដំណើរការឲ្យបានដាច់ខាត នៅដើមឆ្នាំ២០២០ ដើម្បីបំផុសចលនាផ្សព្វផ្សាយស៊ីហ្គេមផង និងកំណត់ផែនការអភិវឌ្ឍន៍កីឡាផង ព្រោះក្រោយស៊ីហ្គេម ឆ្នាំ២០១៩ កម្ពុជានឹងកំណត់ដំណាក់កាលទី១ ពោលគឺកំណត់ប្រភេទកីឡាគោល សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ហើយដាក់ចេញនូវវិធានការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា បូករួមការធ្វើផែនការអភិវឌ្ឍន៍ ដល់ឆ្នាំ២០២៣ ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន ៕

    ដោយ៖ តារា     រូបភាព៖ SEA GAME 2023

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី