គ្រូជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា រំពឹងដណ្តើមបានលទ្ធផលល្អជូនជាតិនៅស៊ីហ្គេម ២០១៩

87883
  • លោក ជុំ រដ្ឋា គ្រូបង្គោលជម្រើសជាតិកម្ពុជាលើប្រភេទកីឡាបាល់ទះឆ្នេរខ្សាច់បញ្ជាក់ ក្នុងពេលហ្វឹកហាត់មុនពេលចេញដំណើរថា ការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់របស់កីឡាករជម្រើសជាតិ លោកជ្រើសរើសបានកីឡាករជម្រើសជាតិចំនួន២នាក់ ពីក្នុងចំណោមឈុត ធំ៦នាក់ និងឈុតយុវជន៦នាក់ ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសហ្វីលីពីន ដែលប្រកួតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ។

    គ្រូបង្គោលរូបនេះបញ្ជាក់ថា បាល់ទះឆ្នេរខ្សាច់នេះលេង២នាក់ទល់២នាក់ មិនមានបម្រុងទេ ។ លោកអះអាងថា ដើម្បីត្រៀមខ្លួន នៅក្នុងស៊ីហ្គេម នេះឲ្យកាន់តែប្រសើរ គឺសហព័ន្ធបានប្រមូលផ្តុំហ្វឹកហាត់តាំងពីខែមេសា មកម្លេះ ដែលមានរយៈពេល ៦ខែមកហើយៗកីឡាករ ដែលត្រូវបានជ្រើសរើសចូលរួមស៊ីហ្គេមនេះ គឺកីឡាករថ្នាល ធី ម៉េងហួង និងកីឡាករ ជុក សោភា។
    លោកគ្រូ ជុំ រដ្ឋា បញ្ជាក់ថា ប្រភេទកីឡាបាល់ទះឆ្នេរខ្សាច់នេះបានខកខានចូលរួមស៊ីហ្គេម ៣លើកមកហើយ ស្មើនឹង៦ឆ្នាំ ប៉ុន្តែកាលពីឆ្នាំ២០០៧ នៅប្រទេសថៃ កម្ពុជាធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿងដែរ។ សម្រាប់ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន គឺជាការចូលរួមជាថ្មី ប៉ុន្តែលោកបានដាក់ក្តីសង្ឃឹមផងដែរថា ជាមួយនឹងការខិតខំហ្វឹកហាត់នេះនឹងធ្វើឲ្យក្តីសុបិនរបស់លោកគ្រូនឹងក្លាយជាការពិត ដោយអាចប្រជែងបានមេដាយ នៅក្នុងកម្រិតណាមួយ។ លោកបន្ថែមទៀតថា កាលពីពេលមុនប្រភេទកីឡានេះ ម្ចាស់ផ្ទះ ហ្វីលីពីន នៅមានកម្រិតទាបជាងកម្ពុជាទេ ប៉ុន្តែមិនទាន់ច្បាស់ទេ បច្ចុប្បន្ននេះ គេឡើងដល់ណាទេ ដោយសារយើងខកខានចូលរួមចំនួន៣ស៊ីហ្គេម មកហើយ ប៉ុន្តែប្រទេសដែលខ្លាំងក្លានោះ មានដូចជាឥណ្ឌូណេស៊ី ថៃ វៀតណាមជាដើម ។

    គ្រូបង្គោលជម្រើសជាតិរូបនេះសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រដល់ក្រុមបាល់ទះឆ្នេរខ្សាច់ ដើម្បីទទួលបាននូវកម្លាំងចិត្តបន្ថែម នៅក្នុងការប្រកួតដណ្តើមមេដាយយកមកជូនជាតិមាតុភូមិរបស់ខ្លួន ៕

    ដោយ៖ តារា   រូបភាព៖ SEA GAME 2023

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី