
Benjamin Mendy ខ្សែការពាររបស់ Manchester City ជឿថា បារាំងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីយកឈ្នះលើការប្រកួតបាល់ទាត់ World Cup នៅប្រទេសរុស្ស៊ី ហើយគាត់និយាយថា វាគួរតែជាគោលដៅដែលពួកគេត្រូវសម្រេចឲ្យបាន។
Les Bleus (ជម្រើសជាតិបារាំង) ស្ថិតក្នុងចំណោមក្រុមដែលមានប្រៀបក្នុងការដណ្តើមតំណែងជើងឯកក្នុងព្រឹត្តិការណ៍នេះ រួមជាមួយអាល្លឺម៉ង់ ប្រេស៊ីល អេស្ប៉ាញ និងអាហ្សង់ទីនផងដែរ។ ពួកគេនឹងចាប់ផ្តើមការប្រកួតក្នុងពូល C ដែលមាន អូស្ត្រាលី ប៉េរូ និង ដាណឺម៉ាក ។ បារាំងបានស្គាល់រសជាតិពាន World Cup ជាលើកដំបូង និង តែម្ដងគត់នៅឆ្នាំ ១៩៩៨ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះតែម្ដង។
Mendy បានប្រាប់ទូរទស្សន៍ Canal+ ថា៖ “គោលដៅរបស់យើងគឺត្រូវទទួលជ័យជម្នះឲ្យបាន។ បារាំងត្រូវតែឈ្នះពាននេះ ។ ជាមួយនឹងកីឡាករដែលយើងមាន គ្មានហេតុផលណាដែលថាយើងមិនអាចទទួលជោគជ័យបានឡើយ” ។ Mendy បានជួបបញ្ហារបួសជង្គង់នៅរដូវកាលនេះ ហើយទើបតែត្រឡប់ចូលលេងឲ្យ Man City វិញនៅខែមេសានេះប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២៣ ឆ្នាំរូបនេះជឿជាក់ថា គាត់នឹងមានទម្រង់លេងល្អដូចដើមឡើងវិញ នៅពេលការប្រកួត World Cup ចាប់ផ្តើមនៅខែមិថុនានេះ។
គាត់បានបន្ថែមទៀតថា៖ “មនុស្សជាច្រើនអាចមានការសង្ស័យចំពោះសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំយល់អំពីរឿងនេះ ប៉ុន្តែខ្ញុំបានធ្វើការលះបង់ជាច្រើនដើម្បីសម្រេចគោលដៅនេះ ។ ខ្ញុំមានការប្ដេជ្ញាចិត្តខ្ពស់ ហើយបានធ្វើការហ្វឹកហាត់ខ្លះៗ។ ខ្ញុំនឹងត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ការប្រកួត World Cup ។ អ្វីគ្រប់យ៉ាងត្រូវបានកំណត់អស់ហើយសម្រាប់ការវិលត្រឡប់មកវិញរបស់ខ្ញុំ។ វានឹងមិនអីនោះទេ”។
បារាំងនឹងត្រូវប៉ះជាមួយអូស្ត្រាលីក្នុងការប្រកួតបើកឆាកនៅ World Cup នៅថ្ងៃទី ១៦ ខែមិថុនា នៅកីឡដ្ឋាន Kazan Arena ៕
ដោយ៖តារា