កូរ៉េខាងជើង ធ្វើតេស្តមីស៊ីលរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ ទោះជិតដល់ថ្ងៃចរចាជាមួយអាមេរិកជាថ្មី

76084
  • កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ចេញពីខេត្ត ហាមយ៉ុង (Hamkyong) ខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍មុនកាលបរិច្ឆេទកំណត់នៃចុងឆ្នាំនេះ ដែលក្រុងព្យុងយ៉ាង បានផ្តល់ឲ្យសហរដ្ឋអាមេរិកនូវការចាប់ផ្តើមឡើងវិញ កិច្ចពិភាក្សានុយក្លេអ៊ែរដែលកំពុងជាប់គាំង ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។

    អគ្គសេនាធិការចំរុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលទាំងពីរគ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន (សមុទ្រខាងកើត) ក្នុងរយៈចម្ងាយ ៣៨០ គីឡូម៉ែត្រ និងរយៈកម្ពស់ ៩៧ គីឡូម៉ែត្រ ។ ដោយឡែកនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ បាននិយាយថា ការបាញ់បង្ហោះមីស៊ីលនេះគឺជាការគំរាមកំហែងមួយមិនត្រឹមតែចំពោះប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់ និងក្រៅតំបន់ទៀតផង ។ លោកនាយករដ្ឋមន្ត្រីជប៉ុនបានបន្តថា ជប៉ុននៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកកូរ៉េខាងត្បូងនិងសហគមន៍អន្តរជាតិដើម្បីតាមដានស្ថានការណ៍នេះ ។

    សូមបញ្ជាក់ថា ក្រុមអ្នកវិភាគជឿជាក់ថា ទីក្រុងព្យុងយ៉ាងកំពុងព្យាយាមបង្ហាញវឌ្ឍនភាពក្នុងការអភិវឌ្ឍអាវុធខណៈពេលដែលការចរចារជាមួយសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងភាពទន់ខ្សោយនៅឡើយ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី