
Massimiliano Mirabelli ប្រធានផ្នែកកីឡារបស់ AC Milan មានសុទិដ្ឋិនិយមថា ក្លឹបនឹងអាចចុះកុងត្រាជាមួយ Marouane Fellaini បាននៅពេលដែលគាត់ចប់កុងត្រានៅក្លឹបចាស់។
កុងត្រាបច្ចុប្បន្នរបស់ខ្សែបម្រើ Manchester United នឹងផុតកំណត់នៅចុងខែមិថុនានេះហើយ ហើយគាត់ទំនងជាមិនបន្តកុងត្រាថ្មីនោះទេ ដែលមានន័យថាគាត់នឹងក្លាយជាកីឡាករដែលត្រូវផ្ទេរទៅដោយឥតគិតថ្លៃ។ Rossoneri ទំនងជាចង់នាំយកកីឡាករជម្រើសជាតិបែលហ្ស៊ិករូបនេះមកកាន់ AC Milan ឲ្យបានឆាប់នៅចុងរដូវកាលនេះ ប៉ុន្តែ Mirabelli បានសារភាពថា កិច្ចព្រមព្រៀងនេះនៅមិនទាន់បានសម្រេចនៅឡើយទេ។
Mirabelli បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ “Fellaini អាចក្លាយជាកីឡាករដ៏សំខាន់ម្នាក់ ។ យើងដឹងថា គាត់នឹងមិនបន្តកុងត្រាជាមួយ Man Utd ទេ ប៉ុន្តែយើងមិនទាន់អាចនិយាយបានថាកិច្ចព្រមព្រៀងនេះបានសម្រេចហើយនោះទេ ។ គាត់មានគុណសម្បត្តិសំខាន់ៗជាច្រើន។ យើងនឹងធ្វើអ្វីម៉្យាងចំពោះរឿងនោះ ប៉ុន្តែយើងនឹងប្រើប្រាស់សក្ដានុពលរបស់គាត់ទាំងអស់នៅពេលដែលចាំបាច់ ។ ជាបឋម យើងត្រូវប្រាកដថាអាចចុះកុងត្រាបានសិន បន្ទាប់មកយើងនឹងប្រកាសអំពីរឿងនេះ”។
Fellaini មិនសូវបានចូលលេងឲ្យ Man United ប៉ុន្មានទេ ក្រោមការដឹកនាំរបស់ Jose Mourinho កាលពីរដូវកាលមុន។ គាត់បានចូលលេងជាកីឡាករជម្រើសដំបូងបាន ៥ ដងប៉ុណ្ណោះនៅក្របខណ្ឌ Premier League សម្រាប់ក្រុមបិសាចក្រហម ខណៈគាត់បានចូលលេងក្នុងនាមជាកីឡាករបម្រុងចំនួន ១១ លើក ៕
ដោយ៖តារា