
បើទោះបីជាធ្លាប់គ្រងជើងឯក ឆេមពានស៍លីគបីដងក្នុងនាមជាកីឡាកររបស់ Real ហើយក្តី ក៏ Isco នៅតែអះអាងថាមហិច្ចតាជោគជ័យរបស់គេមិនទាន់បញ្ចប់នៅឡើយ។ កីឡាករអេស្ប៉ាញរូបនេះ ក៏បានបញ្ជាក់អំពីស្ថានភាពរបួសរបស់ខ្លួនពេលថ្មីៗនេះ និងបង្ហាញថាគេបាននឹងកំពុងត្រៀមខ្លួនសម្រាប់ជួប Liverpool នៅពេលខាងមុខនេះ។
កីឡាកររូបនេះនិយាយថា៖ “ខ្ញុំបានរបួសស្មាអស់រយៈពេល ៣ សប្តាហ៍ហើយ ប៉ុន្តែពេលនេះខ្ញុំជា នឹងរឹងមាំដូចគោឡើងកអញ្ចឹង។ វាជាសុបិនរបស់ខ្ញុំក្នុងការឈ្នះជើងឯក ឆេមពានស៍លីគ លើកទី ៤ “។ ការដែលមានសិទ្ធិក្នុងការជ្រើសរើសកីឡាករ ធ្វើឲ្យ Zinedine Zidane ត្រូុវប្រឈមមុខជាច្រើនទៅនឹង ការរើសយកតែកីឡាករ ១១ នាក់ពីក្រុមដែលមានកីឡាករសុទ្ធតែល្អៗ។
Isco បានបន្ថែមថា៖ “យើងគ្រប់គ្នាសុទ្ធតែចង់លេងក្នុងការប្រកួតនេះ តែយើងអាចលេងបានតែ ១១ នាក់ ប៉ុណ្ណោះសម្រាប់ Real ដែលវាពិតជាអស្ចារ្យមែន “។ នៅពេលសួរនាំអំពីការបង្ហាញការមិនសប្បាយចិត្តអំពីស្ថានការណ៍នៅអធិរាជសថ្មីៗនេះ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានបញ្ជាក់ថារូបគេនឹងបន្តនៅរាជធានីអេស្ប៉ាញនេះទៅមុខទៀត។
កីឡាកររូបនេះបន្តទៀតថា៖ “ពាក្យសម្តីរបស់ខ្ញុំត្រូវគេដកចេញពីបរិបថ ដូចនេះខ្ញុំនឹងមិនចង់និយាយជាមួយអ្នកកាសែតទៀតនោះទេ។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងនៅសំខាន់ និងមានតម្លៃនៅ Real ។ ពាក្យចចាមអារ៉ាម ថាខ្ញុំនឹងចាកចេញនោះ បានបញ្ចប់ទៅហើយ “៕
ដោយ៖តារា