ជប៉ុន ផ្តល់ថវិកាជិត៤៤ម៉ឺនដុល្លារ គាំទ្រគម្រោងកសិក​រខ្នាតតូចលើដំណាំ​ស្វាយចន្ទីសរីរាង្គនៅកម្ពុជា

98765
  • រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ថវិកាសរុប ៤៣៩.២៦១ដុល្លារអាមេរិក សម្រាប់ឱ្យកម្ពុជាអនុវត្តលើគម្រោងគាំទ្រកសិក​រខ្នាតតូចធ្វើកសិកម្ម​តាមកិច្ចសន្យា​លើដំណាំ​ស្វាយចន្ទីសរីរាង្គ ដើម្បីបានទិន្នផលខ្ពស់ និងប្រាក់ចំណូលកាន់តែប្រសើរឡើង ។

    ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ជំនួយថវិកាក្រោមគម្រោងហិរញ្ញប្បទាន​ឥតសំណងសម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាលជប៉ុននេះ នឹងជួយឲ្យកសិករនៅខេត្តព្រះវិហារទទួលបានចំណេះដឹង និងបច្ចេកទេសនៃការដំណាំស្វាយចន្ទីសរីរាង្គ ព្រមទាំងការដឹកជញ្ជូន​រួមគ្នាតាមរយៈ​សហគមន៍​កសិកម្ម ។
    ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនេះ នៅក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម បានបញ្ជាក់ថា គម្រោងនេះ នឹងផ្តល់​ការណែនាំពីបច្ចេកទេសដាំដុះថ្មី ដូចជាការផ្សាំកូនស្វាយចន្ទី និងការកាត់មែកដែលមិនចាំបាច់ចេញ ។
    លោកស្រី ស៊ូហ្ស៊ុស៊ីម៉ា ឈីហូកូ (SUZUSHIMA Chihoko) តំណាងអង្គការក្រៅរដ្ឋាភិបាលជប៉ុននៅកម្ពុជា បានឲ្យដឹងថា គម្រោងនេះ នឹងបង្កើនសហគមន៍កសិករដាំ​​ដំណាំស្វាយចន្ទីនៅក្នុងខេត្តព្រះវិហារចំនួន ៦ បន្ថែមទៀត ខណៈបច្ចុប្បន្នមានសរុប ១១ សហគមន៍កសិកម្ម ។ លោកស្រី បានបញ្ជាក់ថា កាលពីឆ្នាំមុន មានកសិករជិត ៤០០នាក់ មកពីចំនួន ៥ សហគមន៍កសិកម្មនៅក្នុងខេត្តព្រះវិហារ បានទទួលការបណ្តុះបណ្តាលពីបច្ចេកទេសដាំ និងការថែទាំដំណាំស្វាយចន្ទីសរីរាង្គឲ្យទទួលបានទិន្នផលខ្ពស់ និងមានគុណភាពល្អ ។ លោកស្រី បានថ្លែងថា៖ “ជាលទ្ធផល កសិករដាំដំណាំស្វាយចន្ទីចំនួន ២៥៦នាក់ ដែលមានផ្ទៃដីសរុប ៥៦០ហិកតា បានទទួលវិញ្ញាបនបត្របញ្ជាក់ដំណាំសរីរាង្គនេះ ស្របតាមគោលការណ៍ច្បាប់របស់សហកមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក និងកំពុងឈានទៅរកការនាំចេញជាលើកដំបូង” ។

    សូមបញ្ជាក់ថា នេះគឺជាឆ្នាំទី២ នៃគម្រោងគាំទ្រកសិករខ្នាតតូចធ្វើកសិកម្មតាមកិច្ចសន្យាលើដំណាំ​ស្វាយចន្ទីសរីរាង្គ តាមរយៈសហគមន៍កសិកម្មនៅខេត្តព្រះវិហារ បន្ទាប់ពីឆ្នាំ២០១៨កន្លងទៅ ក្រោមគ្រោងការណ៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រដ្ឋាភិបាលជប៉ុនក៏បានផ្តល់ជំនួយឥតសំណងគាំទ្រដល់វិស័យកសិកម្មមួយនេះ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី