
កីឡាករ Lionel Messi និងជាគូប្រជែងដ៏ធំបំផុតរបស់ Cristiano Ronaldo ដែលបានប្រជែងគ្នាទៅវិញទៅមករហូតសម្រាប់កំណត់ត្រារកគ្រាប់បាល់ដ៏គួរឱ្យកត់សម្គាល់ ហើយកំពូលតារាបាល់ទាត់របស់ក្រុម FC Barcelona បានផ្តួលកីឡាករឆ្នើមរបស់ក្លិប Real Madrid រូបនេះ។
កីឡាករអាហ្សង់ទីនរូបនេះបានបញ្ចប់រដូវកាល ២០១៧/១៨ ជាមួយនឹងគ្រាប់បាល់ ៣៤ គ្រាប់ ច្រើនជាងកីឡាករណាៗទាំងអស់នៅក្នុងទ្វីបអឺរ៉ុបដោយឈ្នះស្បែកជើងមាស ESM ទៀតផង។ ការស៊ុតបញ្ចូលទី ៣៤ គ្រាប់របស់គេស្មើទៅនឹង ៦៨ ពិន្ទុក្នុងតារាង Golden Shoe ដែល Messi ទទួលបាននៅពេលគាត់បានឈ្នះពានរង្វាន់ជាលើកដំបូងក្នុងឆ្នាំ ២០០៩/១០ ។
ស្បែកជើងមាសទី ៥ របស់ Messi បានបំបែកកំណត់ត្រាដែលគាត់ធ្លាប់ស្មើគ្នាជាមួយ Ronaldo និងច្រើនជាងកីឡាករដទៃទៀតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ Messi បានឈ្នះពានរង្វាន់កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំទ្វីបអឺរ៉ុបកាលពីរដូវកាល ២០០៩/១០ ( ៣៤ គ្រាប់ ) , ឆ្នាំ ២០១១/១២ (៥០ គ្រាប់) , ឆ្នាំ ២០១២/១៣ (៤៦ គ្រាប់) , ឆ្នាំ ២០១៦/១៧ (៣៧ គ្រាប់) និង រដូវកាលនេះជាមួយគ្រាប់បាល់ ៣៤ គ្រាប់។
ខណៈដែរ Ronaldo បានឈ្នះស្បែកជើងមាសជាលើកដំបូងរបស់គាត់ក្នុងឆ្នាំ ២០០៧/០៨ នៅពេលដែលគាត់បានស៊ុតបញ្ចូលទី ៣១ គ្រាប់សម្រាប់ក្លឹប Manchester United ។ គាត់បានទទួលពានរង្វាន់ខ្សែប្រយុទ្ធកំពូលជាលើកដំបូងជាមួយនឹង Los Blancos បីឆ្នាំក្រោយមកដោយបានបញ្ចប់យុទ្ធនាការឆ្នាំ ២០១០/១១ ជាមួយគ្រាប់បាល់ ៤០ គ្រាប់។
លើសពីនេះទៀតគាត់ក៏បានឈ្នះស្បែកជើងមាសក្នុងឆ្នាំ ២០១៣/១៤ ដែលបានចែករំលែកពានរង្វាន់នេះជាមួយ Luis Suarez (កាលនៅ Liverpool) ជាមួយគ្រាប់បាល់ ៣១ គ្រាប់ដូចគ្នា។ ស្បែកជើងមាសទីបួនរបស់ Ronaldo បានមកនៅឆ្នាំ ២០១៤/១៥ នៅពេលដែលគាត់រកបាន ៤៨ គ្រាប់នៅក្នុងក្របខ័ណ្ឌ LaLiga ។
ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះមានតែ Suarez ម្នាក់ប៉ុណ្នោះ ដែលអាចយកឈ្នះពាននេះពីកំពូលតារាទាំងពីររូបនេះបានក្នុងការឈ្នះពានរង្វាន់ Golden Shoe នៅអឺរ៉ុប ៕
ដោយ៖តារា