អភិបាលរាជធានីភ្នំពេញ ស្នើឱ្យរដ្ឋាភិបាលឡាវជួយផ្សព្វផ្សាយសក្តានុពលវិយោគ និងទេសចរណ៍របស់កម្ពុជា

41558
  • អភិបាលរាជធានីភ្នំពេញស្នើឱ្យរដ្ឋាភិបាលឡាវជួយផ្សព្វផ្សាយពីសក្តានុពលវិយោគនិងទេសចរណ៍របស់កម្ពុជា ដើម្បីទាក់ទាញក្រុមពាណិជ្ជករនិងអ្នកទេសចរឡាវមកកាន់កម្ពុជាកាន់តែច្រើន ខណៈដែលប្រទេសទាំង២ មានវប្បធម៌ប្រពៃណីទំនៀមទំលាប់ស្រដែងគ្នានិងមានភូមិផងរបងជាមួយគ្នាផងដែរនោះ ។

    ឯកឧត្តមឃួងស្រេងអភិបាលរាជធានីភ្នំពេញបានស្នើបែបនេះខណៈទទួលជួបពិភាក្សាការងារនិងសម្តែងការគួរសមជាមួយឯកឧត្តម បណ្ឌិតស៊ីនឡាវង់បូតដៃធូ Sinlavong Khoutphaythoune អភិបាលរដ្ឋធានីវៀងចន្ទន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី០២ធ្នូ២០១៩នេះ ។ ក្នុងឱកាសនោះឯកឧត្តមឃួងស្រេងបានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំ របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺចង់ឱ្យមានសន្តិភាពនៅតាមព្រំដែនមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អមានសម្ព័ន្ធមេត្រីភាពជាមួយគ្នារវាងខេត្តនិងខេត្តទីក្រុងនិងទីក្រុង ។ ឯកឧត្តបន្តថា ក្នុងនាមប្រទេសដែលមានវប្បធម៌ប្រពៃណីទំនៀមទំលាប់ស្រដែងគ្នានិងមានភូមិផងរបងជាមួយគ្នាផងដែរនោះ ភាគីទំាង២ គួរតែជំរុញការផ្លាស់ប្តូរ ពាណិជ្ជកម្ម និងទេសចរណ៍ឲ្យកាន់តែមានសកម្មភាពរស់រវើកបន្ថែមទៀត ។
    ឯកឧត្តមអភិបាលបញ្ជាក់ថា ប្រទេសកម្ពុជាដោយសារសង្គ្រាមបានធ្វើអោយប្រទេសធ្លាក់ដល់ចំណុចសូន្យ ។ ប៉ុន្តែដល់ពេលនេះក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន គឺបានធ្វើឲ្យប្រទេសទាំងមូលមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លា ដោយសារតែកម្ពុជា មានសុខសន្តិភាពពេញបរិបូរណ៍ ។

    ឯកឧត្តមបណ្ឌិតស៊ីនឡាវង់បូតដៃធូបានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញពិតជាមានការអភិវឌ្ឍរីកចំរើនគួរឲ្យកោតសរសើរ ខណៈកាលពី ១០ឆ្នាំមុននិង ១០ឆ្នាំចុងក្រោយនេះពិតជាខុសប្លែកគ្នាខ្លាំងពោលគឺពេលនេះរាជធានីភ្នំពេញមានអាគារខ្ពស់ៗមានអ្នកវិនិយោគទុនច្រើន ហើយប្រជាពលរដ្ឋមើលទៅមានជីវភាពធូរធារជាងមុនខ្លាំង ។
    ឯកឧត្តមបានបន្តថាទន្ទឹមនឹងការរីកចម្រើននេះអភិបាលទីក្រុងវៀងចន្ទន៍ក៏បានសុំឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងទីក្រុងភ្នំពេញនិងទីក្រុងវៀងចន្ទន៍អោយបានច្រើនដោយផ្ដោតលើការវិនិយោគទៅលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍ដើម្បីធ្វើយ៉ាងណាជំរុញឲ្យទីក្រុងទាំងពីរមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាដូចគ្នា។បន្ថែមពីលើនេះទៀតអភិបាលទីក្រុងវៀងច័ន្ទក៏បានស្នើឲ្យប្រតិភូរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅទីក្រុងវៀងចន្ទន៍នាពេលឆាប់ៗនេះ។
    ជុំវិញការស្នើសុំនេះអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តមឃួងស្រេងក៏ បានឯកភាពដោយថានឹងធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងរៀងចន្ទន៍នៅក្នុងអំឡុងពេលមុន ពេលចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី