ត្រៀមអាវរងា! អាកាសធាតុត្រជាក់អាចនឹងអូសបន្លាយរហូតដល់សប្តាហ៍ទី៣ខែមករា ឆ្នាំ២០២០

72601
  • ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា អាកាសធាតុត្រជាក់អាចនឹងអូសបន្លាយ រហូតដល់សប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២០ ខណៈដែលកម្ពុជាទទួលឥទិ្ធពលខ្យល់ មូសុងឦសាន ។

    ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា កម្ពុជានឹងទទួលឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំង បាននិងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើកម្ពុជា ដែលធ្វើឲ្យតំបន់មួយចំនួនសីតុណ្ហភាពអប្បបរមា មានពី១៦-១៨°C ។ ឯកឧត្តមបន្តថា អាកាសធាតុបែបនេះ គឺជាការចុះត្រជាក់លើកទីមួយនៅចុងឆ្នាំ២០១៩ ប៉ុន្តែវាមិនគ្របដណ្តប់នៅក្នុងក្របខណ្ឌទូទាំងប្រទេសនោះទេ ហើយអាកាសធាតុបែបនេះ អាចនឹងអូលបន្លាយរហូតដល់ សប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២០ ។ ឯកឧត្តមបានបញ្ជាក់ថា សីតុណ្ហភាពអប្បបរមាអាចចុះរហូតដល់ ១៦អង្សារសេ គឺនៅពេលយប់ និងពេលព្រឹក ជាពិសេសត្រជាក់ខ្លាំងនៅតាមតំបន់ជួរភ្នំដងរែកខេត្តព្រះវិហារ ខ្ពង់រាបភាគខាងជើងខេត្តឧត្តរមានជ័យ និងភាគឦសាន ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ។ ក្នុងសីតុណ្ហភាពដែលមានការប្រែប្រួលលឿនបែបនេះ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ខ្ពង់រាបភាគខាងជើង និងភាគឦសាន ជាពិសេស កងទ័ព ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ បង្ការ និងថែរក្សាសុខភាព ពីធាតុអាកាសចុះត្រជាក់បែបនេះ។

    សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨°C និងសីតុណ្ហភាពអតិបរមា ពី២៥-២៧°C ។ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមា ពី ១៨-២០°C និងសីតុណ្ហភាពអតិបរមា ពី២៦-២៨°C ។ ខេត្តតាកែវ កែប កំពត និងខេត្តព្រះសីហនុសី តុណ្ហភាពអប្បបរមា ពី ២២-២៤°C និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C ។ ចំពោះរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង សីតុណ្ហភាពអប្បបរមា ពី ២១-២៣°C និងសីតុណ្ហភាពអតិបរមា មានពី ២៦-២៨°C ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី