កម្ពុជា-អាមេរិក រំពឹងដូចគ្នាថា ទំនាក់ទំនងលើវិស័យការងារ និងពាណិជ្ជកម្មនឹងកាន់តែល្អប្រសើរថែមទៀត

92137
  • ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ភាគីទាំងពីរបានបង្ហាញការរំពឹងទុកថា កិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា-អាមេរិក នឹងកាន់តែមានវឌ្ឍនភាពបន្តទៅទៀត ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកំពុងមានភាពល្អប្រសើរ ។ ជំនួបពិភាក្សាខាងលើនេះត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ។

    ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានសម្ដែងការអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តម W. Patrick Murphy ដែលត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រេចឱ្យទទួលបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ។
    ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានសុទិដ្ឋិនិយមថា ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម W. Patrick Murphy កម្ពុជា-អាមេរិក នៅតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត ។
    ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានរៀបរាប់ពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជាអង្គការដៃគូនានារបស់សហរដ្ឋអាមេរិកផងដែរ ខណៈដែលពេលថ្មីៗនេះ គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេល ៣ ឆ្នាំទៀត (២០២០-២០២២) ។
    ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបន្ដថា កម្ពុជាទទួលស្គាល់ធាតុចូលសំខាន់នានា ដែលសហរដ្ឋអាមេរិកបានចូលរួមផ្ដល់ឱ្យកម្ពុជាក្នុងការរៀបចំច្បាប់ បទបញ្ញត្តិ លិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាគម្រោងអភិវឌ្ឍន៍មួយចំនួន ក្នុងនោះច្បាប់ស្ដីពីការងារក៏ជាសមិទ្ធផលមួយ ដែលសហរដ្ឋអាមេរិកបានចូលរួមជួយដល់កម្ពុជា ។

    ឯកឧត្តមបណ្ឌិត អ៉ិត សំហេង និងឯកឧត្តម W. Patrick Murphy បានបង្ហាញគោលបំណងរួមគ្នាថា នៅតែបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែជិតស្និទ្ធ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ ក៏បានផ្ញើសារទំនាក់ទំនងការទូតឱ្យគ្នាទៅវិញទៅមក ប្រកបដោយភាពជិតស្និទ្ធផងដែរ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី