
អតីតតារាឆ្នើមរបស់ Liverpool និង Real Madrid កីឡាករ Xabi Alonso ជឿថាគ្រូបង្វឹក Jurgen Klopp នឹងត្រូវដើរតួរយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអារម្មណ៍របស់កីឡាករហង្សក្រហមកុំឲ្យមានភាពតានតឹងនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅ Champions League ។
ក្រុមមកពី Merseyside លេងបានយ៉ាងល្អនៅរដូវកាលនេះសឹងតែនឹកស្មានមិនដល់ រហូតអាចឈានមកដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ដែលត្រូវដណ្តើមពានរង្វាន់ជាមួយក្រុមម្ចាស់ជើងឯកជាប់គ្នាពីរឆ្នាំ Real Madrid ។
ក្រុមរបស់ Zinedine Zidane មានកីឡាករដែលធ្លាប់លើកពាន Champions League រួចហើយជាច្រើននាក់ ដែលពួកគេភាគច្រើនធ្លាប់បានឈ្នះពាននេះពីរដងរួចមកហើយ ខណៈ Liverpool នៅមានបទពិសោធន៏ក្មេងខ្ចីនៅឡើយសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍នេះ។ Alonso ដែលបានលើកពាននេះជាមួយ Liverpool នៅឆ្នាំ ២០០៥ និងជាមួយក្រុម Real Madrid ក្នុងឆ្នាំ ២០១៤ ជឿថា វាស្ថិតនៅលើ Klopp ទេដែលត្រូវរៀបចំកីឡាកររបស់គាត់ឲ្យលេងបានល្អបំផុតនៅថ្ងៃនោះ។
Alonso បានប្រាប់គេហទំព័រផ្លូវការរបស់ Liverpool FC ថា៖ “នេះមិនមែនជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រដំបូងរបស់ Jurgen ទេ។ ដូច្នេះក្នុងនាមជាគ្រូបង្វឹក គាត់ត្រូវតែព្យាយាមត្រៀមលក្ខណៈកីឡាកររបស់គាត់ឲ្យបានរួចរាល់សម្រាប់ប្រឈមនឹងអារម្មណ៍ដ៏តានតឹងនៅពេលប្រកួត ។ សម្រាប់ Real Madrid វិញគឺផ្ទុយស្រឡះពីនេះ។ ពួកគេបានលេងនៅវគ្គផ្តាច់ព្រ័ត្រជាច្រើនលើកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះពួកគេអាចគ្រប់គ្រងស្ថានការណ៍បានល្អជាង”។
លោកបន្ថែមទៀតថា៖ “បន្ទាប់ពីនោះគឺក្រុមទាំងសងខាងមានពេល ៩០ នាទីប៉ុណ្ណោះ ដើម្បីដណ្ដើមយកជ័យជម្នះរៀងៗខ្លួន។ ប៉ុន្តែការត្រៀមខ្លួនទុកជាមុនរបស់ក្រុមទាំងពីរមានលក្ខណៈខុសគ្នា ។ ប្រាកដណាស់ថា វាជារឿងល្អក្នុងការទទួលបានបទពិសោធថ្មី។ ប៉ុន្តែវាក៏ជារឿងល្អផងដែរ ដែលមានការលាយឡំនឹងភាពរំជើបរំជួល ស្រេកឃ្លានចង់បានជ័យជម្នះ។ អ្នកត្រូវតែគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ មិនត្រូវមើលស្រាលស្ថានការណ៍ពេក និងមិនត្រូវមានទំនុកចិត្តខ្លាំងពេកនោះទេ” ៕
ដោយ៖តារា