
ក្នុងសន្និសីទកាសែតមួយជាលើកដំបូងចាប់តាំងពីគាត់ត្រូវបានព្រមព្រៀងផ្តល់ការងារជាអ្នកចាត់ការក្លឹបកាំភ្លើងធំ លោក Unai Emery បានមានប្រសាសន៍ថា វាជារឿងដ៏សំខាន់ខ្លាំងណាស់ដែលក្លឹបមួយនេះត្រូវតែអាចទៅលេងនៅក្របខ័ណ្ឌ UCL វិញនោះ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ដែលមានវ័យ ៤៦ ឆ្នាំរូបនេះត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹបកាំភ្លេងធំ មុននឹងផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតរួមជាមួយនឹងនាយកប្រតិបត្តិក្លឹបគឺលោក Ivan Gazidis។
លោក Emary បានមានប្រសាសន៍ថា៖ “ជោគជ័យសម្រាប់រដូវកាលក្រោយគឺយើងនឹងត្រៀមដើម្បីធ្វើឲ្យបានតែពេលនេះគឺយើងខំប្រឹងសម្រាប់អ្វីៗដែលនៅសេសសល់បន្តិចបន្តួច។ នោះគឺជាជោគជ័យនៅក្លឹប កាំភ្លើងធំនេះនិងប្រវត្តិសាស្ត្ររបស់ខ្ញុំ ។ វត្ថុបំណងរបស់យើងគឺធ្វើម៉េចឲ្យក្លាយជាក្លឹបឆ្នើមនៅអឺរ៉ុប ដូចក្រុមឆ្នើមៗផ្សេងទៀតដែរ ហើយត្រូវឈ្នះពាន និងគ្រងជើងឯក ។ ខ្ញុំចង់ធ្វើយ៉ាងណាឲ្យក្រុមបង្កើតបាននូវមោទនភាពសម្រាប់អ្នកគាំទ្រ។ ខ្ញុំដឹងថាពួកគេមានមោទនភាពចំពោះក្លឹបហើយ តែខ្ញុំចង់ឲ្យពួួកគេកាន់តែមានច្រើនថែមទៀត ។ ខ្ញុំជឿជាក់លើកីឡាករដែលនៅទីនេះ ហើយវត្ថុបំណងរបស់យើងគឺការខំប្រឹងរួមគ្នា ។ ក្លឹបនេះបានឃ្លាតឆ្ងាយពី ឆេមពានស៍លីគ ២ ឆ្នាំហើយ ដូចនេះយើងត្រូវត្រឡប់ចូលវិញឲ្យបាន “។
លោក Gazidis បានមានប្រសាសន៍ថា៖ “Emery ស្ថិតក្នុងចំណោមបេក្ខជនជម្រុះ ៨ រូប តែគាត់ក៏ជាបុគ្គលដែលស្ថិតក្នុងគោលដៅរបស់ក្លឹបដែ។ បេក្ខជនទាំង ៨ រូបសុទ្ធតែបានឆ្លងកាត់ការសម្ភាសន៍ដ៏ម៉ត់ចត់ ហើយគ្មានអ្នកណាម្នាក់ដកខ្លួនចេញពីដំណើរការជ្រើសរើសនេះឡើយ ។ វាជាសំណាងមួយរបស់យើងដែលបានសម្រេចចិត្តជ្រើសរើសគាត់ពេលនោះ ។ គ្រប់សមាជិកនៃក្រុមប្រឹក្សានាយកទាំងអស់មានការពេញចិត្ត និង រំភើបចំពោះការសម្រេចចិត្តរបស់យើង។ លោក Emery បានធ្វើឲ្យអ្នករាល់គ្នាចាប់អារម្មណ៍លើគាត់ដោយការត្រៀមលក្ខណៈយ៉ាងល្អសម្រាប់ការសម្ភាសន៍របស់គាត់”។
ជាចុងក្រោយលោក Emery បានបន្ថែមថា៖ “វាជារឿងដ៏ធំមួយសម្រាប់ខ្ញុំ ក៏ប៉ុន្តែខ្ញុំធ្លាប់ធ្វើការលើគម្រោងធំៗជាច្រើនដែរ។ សម្រាប់ខ្ញុំគឺខ្ញុំមានមោទនភាព ដែលបានធ្វើការនៅទីនេះ ជាអ្នកស្នងតំណែងលោក Arsene Wenger “៕
ដោយ៖តារា