រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត

86335
  • ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវទៅកាន់គ្រប់ផ្នែកទាំងអស់ដែលចូលរួមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នាចុងឆ្នាំ២០១៩ខាងមុខ ក៏ដូចជាអាជីវករ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋផងដែរ ត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះប្រកបដោយភាពស្អាត និងបៃតង ។

    ការប្រកាសអំពាវនាវរបស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន យ៉ាងដូចនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមរៀបពិធីបុណ្យសមុទ្រ នៅសាលាខេត្តកំពត នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពីឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត និងមន្ត្រីរាជការជាច្រើននាក់ទៀត។
    គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩នេះ ធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃសុក្រ ៩រោច ដល់ថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ។ ក្នុងពិធីបុណ្យសមុទ្ររយៈពេល ៣ ថ្ងៃនេះ មានកម្មវិធីកម្សាន្តជាច្រើនដូចជា ការសម្ដែងសិល្បៈរបាំ ចម្រៀង មានការតាំងពិព័រណ៍ វិថីម្ហូបអាហារ ព្រឹត្តិការណ៍កីឡាលើគោក និងលើទឹក ការប្រកួតក្បាច់គុនជាដើម។

    ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះឯកឧត្ដម រដ្ឋមន្ត្រី ថោង ខុន បានផ្ដល់អនុសាសន៍មួយចំនួនដល់គ្រប់អនុគណៈកម្មការ ដែលចូលរួមរៀបចំពិធីបុណ្យសមុទ្រនេះ ឱ្យត្រូវចូលរួមគិតគូរលើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ការរៀបចំព្រឹត្តិការណ៍កម្សាន្តនានា ការយកចិត្តទុកដាក់លើការថែរក្សាអនាម័យ បរិស្ថាន ក៏ដូចជាការទុកដាក់វេចខ្ចប់ និងប្រមូលសំរាមឱ្យបានទាន់ពេល កុំឱ្យមានហៀរធ្លាក់ចេញពីធុងសំរាម ។
    ក្រៅពីនោះ ត្រូវចុះអប់រំប្រជាពលរដ្ឋឱ្យត្រៀមទទួលភ្ញៀវទេសចរ ដែលមានទាំងការរៀបចំបន្ទប់ស្នាក់នៅ ការតុបតែងលម្អគេហដ្ឋាន ការទទួលបដិសណ្ឋារកិច្ច អនាម័យ និងសុវត្ថិភាពភ្ញៀវផងដែរ។
    ឯកឧត្ដម រដ្ឋមន្ត្រី បានបន្តថា ចំពោះការសម្រួលដល់អាជីវករត្រូវរៀបចំស្ដង់ជូនពួកគាត់ប្រកបដោយការទទួលខុសត្រូវ ពិសេសត្រូវណែនាំពួកគេឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំឱ្យមានក្រដាសធ្លាក់ក្រោមតុ ចំណីអាហារដែលលក់ជូនភ្ញៀវក៏ត្រូវមានអនាម័យ និងសុវត្ថិភាព ។ លើសពីនេះ ត្រូវណែនាំឱ្យពួកគាត់ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។

    ម្យ៉ាងទៀត នៅតាមសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្កាឡូនានា ក៏ត្រូវបង្កើនការទទួលបដិសណ្ឋារកិច្ច សន្តិសុខ សណ្ដាប់ សុវត្ថិភាពជូនភ្ញៀវទេសចរ ពិសេសសូមកុំដំឡើងថ្លៃសវាកម្មរបស់ខ្លួនហួសហេតុពេក និងត្រូវរក្សាគុណភាពសេវាកម្មឱ្យបានល្អជានិច្ច។
    ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការជឿជាក់ថា៖ ” ក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នាចុងឆ្នាំ២០១៩ ខាងមុខនេះ នឹងទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាមិនតិចជាង ៥០ម៉ឺននាក់ឡើយ ” ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី