ក្រសួងសាធារណការ បញ្ជាឱ្យបិទយានដ្ឋានកែច្នៃ និងដំឡើងយានយន្តខុសច្បាប់ឱ្យអស់ ត្រឹមចុងឆ្នាំនេះ

52954
  • ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា នៅត្រឹមខែធ្នូ ឆ្នាំ២០១៩នេះ ត្រូវបិទយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដខុសលក្ខណៈបច្ចេកទេស ដែលអត់មានច្បាប់អញ្ញាតធ្វើអាជីវកម្មឲ្យអស់ ដើម្បីងាយស្រួលដល់ការគ្រប់គ្រងរថយន្ត និងចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងនិង ជាអនុប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ ទៅនឹងមិនត្រូវឲ្យមានយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដខុសលក្ខណៈបច្ចេកទេសដែលអត់មានច្បាប់អញ្ញាតធ្វើអាជីវកម្មទៀតនោះឡើយ ។
    វិធានការនេះ ធ្វើឡើងក្រោយរកឃើញថា មកដល់បច្ចុប្បន្ន នៅយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដខុសលក្ខណៈបច្ចេកទេស ដែលអត់មានច្បាប់អញ្ញាតនៅតែបន្តល្មើសធ្វើអាជីវកម្ម ស្របគ្នានឹងយានដ្ឋានដែលមានច្បាប់អនុញ្ញាត ។
    ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធររាជធានី ខេត្តសហការរួមគ្នាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ដ បិទបញ្ចប់កន្លែងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដខុសលក្ខណៈបច្ចេកទេសដែលអត់មានច្បាប់ឲ្យអស់នៅត្រឹមខែធ្នូ ឆ្នាំ២០១៩នេះ តាមរយៈចុះត្រួតពិនិត្យឲ្យបានហ្មត់ចត់គ្រប់យានដ្ឋានជួសជុល និងដំឡើងរថយន្តទាំងអស់ ។

    យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា បច្ចុប្បន្នយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដសរុបចំនួន ៣៥៥៦កន្លែង មានច្បាប់អនុញ្ញាតចំនួន ២៧៩៥កន្លែង និងគ្មានច្បាប់អនុញ្ញាតចំនួន ៧៦១កន្លែង ក្នុងនោះយានដ្ឋានជួសជុលមានចំនួនសរុប ៣២៨១ កន្លែង មានច្បាប់អនុញ្ញាតចំនួន ២៥៤១ កន្លែង និងគ្មានច្បាប់ចំនួន ៧៤០កន្លែង ។ រីឯយានដ្ឋានកែច្នៃដំឡើងមានចំនួនសរុប ២៧៥ កន្លែង ដោយមានច្បាប់អនុញ្ញាតចំនួន ២៥៤ ខណៈគ្មានច្បាប់ចំនួន ២១ កន្លែង ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី