ស៊ែរៗ! តើកម្ពុជា អាចសាងកំណត់ត្រាជាប្រវត្តិសាស្រ្តផ្ដួលមហាមិត្តវៀតណាមនៅស៊ីហ្គេមដែរឬទេ?

119926
  • ក្រុមបាល់ទាត់កម្ពុជាអាយុក្រោម២២ឆ្នាំនឹងត្រូវឡើងទៅប្រកួតប្រជែងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិវៀតណាម នៅកីឡដ្ឋាន RIZAL MEMORIAL STADIUM ទីក្រុងម៉ានិល នាយប់ ៧:០០ ម៉ោងនៅកម្ពុជា ថ្ងៃទី៧ធ្នូនេះ ហើយថាតើកម្ពុជាអាចបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីថែមមួយកម្រិតទៀត ក្នុងស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនដែរឬទេ?

    ក្រុមគោព្រៃកម្ពុជា បានឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុមខ្លាកំណាច់ម៉ាឡេស៊ី ៣ទល់១ ដោយកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ មាន៧ពិន្ទុ ហើយក្រុមមីយ៉ាន់ម៉ាឈរនៅចំណាត់ថ្នាក់លេខ១ មាន១០ពិន្ទុ ក្នុងពូល A ។ ចំពោះ ២ក្រុមដែលបានឡើងពាក់កណ្តាលផ្តាច់ព្រ័ត្រដែរមកពីពូល B គឺក្រុមវៀតណាម ឈរលេខ១ ត្រូវប៉ះជាមួយលេខ២ ពូលA កម្ពុជា វេលាម៉ោង ៧:00យប់ និងលេខ២ ពូលB ឥណ្ឌូណេស៊ី ប៉ះជាមួយលេខ១ ពូល A មីយ៉ាន់ម៉ាវេលាម៉ោង ៣:00ល្ងាច ថ្ងៃទី៧ ធ្នូនេះដូចគ្នា ។ នេះជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ក្រុមបាល់ទាត់កម្ពុជា ក្នុងប្រវត្តិស៊ីហ្គេម ដែលបានឆ្លងផុតវគ្គចែកពូល ហើយចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

    និយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី៦ ធ្នូ លោក FELIX G. DALMAS គ្រូបង្គោលកម្ពុជាអះអាងថា៖ “ការប្រកួតថ្ងៃស្អែក គឺជាការប្រកួតដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅវគ្គចុងក្រោយ ។ យើងត្រៀមខ្លួនបានល្អហើយយើងតែងតែមានសង្ឃឹម និងឆន្ទៈចង់ឈ្នះគ្រប់ការប្រកួតទាំងអស់ ។ យើងដឹងថាវៀតណាមបានប្តេជ្ញាយកឈ្នះការប្រកួតថ្ងៃស្អែក ដូច្នេះវាជាឱកាសល្អមួយ ដែលយើងត្រូវលេងជាមួយក្រុម ដែលមានកីឡាករមានទេពកោសល្យ និងគ្រូដែលមានបទពិសោធន៍” ។ លោកបន្ថែមថា នៅក្នុងកីឡាបាល់ទាត់ អ្វីៗក៏អាចកើតឡើងបានដែរ ដោយមិនមានមនុស្សច្រើនទេ ដែលជឿថាក្រុមកម្ពុជាអាចឡើងមកដល់វគ្គនេះនោះទេ ហើយការប្រកួតថ្ងៃស្អែកនេះក៏អាចទៅរួចដូចគ្នាដែរ ។

    ចំណែកឯ លោក PARK HANG-SEO គ្រូបង្គោលក្រុមវៀតណាមនិយាយដែរថា៖ “ការប្រកួតជាមួយកម្ពុជា នាថ្ងៃស្អែក គឺមានអត្ថន័យ និងជាការប្រកួតដ៏លំបាកមួយ ។ ហេតុផលដែលការប្រកួតថ្ងៃស្អែកមានអត្ថន័យ ព្រោះបើយើងឈ្នះយើងនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ ។ វាជាការប្រកួតដែលលំបាកព្រោះកម្ពុជាស្ថិតក្នុងពូល A ដែលកម្ពុជាលេងតិចជាងយើងមួយប្រកួត ហើយកម្ពុជាចំណេញបានមួយថ្ងៃ ដើម្បីសម្រាក ប៉ុន្តែយើងនឹងប្រឹងប្រែងរាល់អ្វីៗទាំងអស់សម្រាប់ថ្ងៃស្អែក” ។ លោកគោរពក្រុមកម្ពុជាហើយលោកមិនដែលបញ្ជូនក្រុមស៊ើបការណ៍ណាទៅយកពត៌មានពីក្រុមដ៏ទៃទេ ក្រុមរបស់លោករវល់ជាមួយការងាររបស់ខ្លួន ដូច្នេះលោកមិនបានស៊ើបការណ៍ពីក្រុមកម្ពុជាទេ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី