ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំ២០១៩ ប្រព្រឹត្តទៅនៅរមណីយដ្ឋានអង្គរ មានមនុស្សច្រើនកុះករ

70529
  • ព្រឹត្តការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំ២០១៩បានចាប់ផ្តើមសាជាថ្មីនៅលើទឹកដីអង្គរ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមជាជនជាតិខ្មែរនិងបរទេសជាច្រើន ។
    ពិធីនេះប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប សមាជិកក្រុមប្រឹក្សាខេត្ត រួមនិងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត ។

    ថ្លែងនៅក្នុងពិធីជប់លៀងអបអរសាទរទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅប្រាសាទបាយ័ន ឯកឧត្តមបណ្ឌិត ថោង ខុន បញ្ជាក់ថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ពិតជានាំមកនូវកាលានុវឌ្ឍភាពថ្មីៗសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចសង្គម ដោយកម្ពុជាកំពុងតែបន្ដរស់នៅក្នុងសុខសន្ដិភាព ស្ថេរភាពនយោបាយ និងសំបូរសប្បាយពេញផ្ទៃប្រទេស ។ លើសពីនេះ ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ បានក្លាយជាដែកឆក់ថ្មី ជាផលិតផលទេសចរណ៍ច្នៃបង្កើតថ្មីមួយដ៏មានសារៈសំខាន់ និងបានរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិរ៉ាប់ម៉ឺននាក់ក្នុងរយៈពេលតែមួយ ។

    ការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនេះ ត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំនៅខេត្តសៀមរាប ហើយព្រឹត្តិការណ៍នៅឆ្នាំនេះ គឺធ្វើឡើងដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យដូចសព្វដង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាបតែម្ដង។ ជាមួយគ្នានេះ ទិវានេះក៏ធ្វើឡើងក្នុងបំណងអបអរដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផង ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី