ម៉ារ៉ាតុង បានក្លាយជាដែកឆក់ថ្មីអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្ដរជាតិរាប់ម៉ឺននាក់ក្នុងពេលតែមួយ

46035
  • ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចាត់ទុកព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត គឺជាដែកឆក់ថ្មីនៃផលិតផលទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិរាប់ម៉ឺននាក់ក្នុងពេលតែមួយ ។

    ឯកឧត្តមបញ្ជាក់បែបនេះ នៅក្នុងពិធីជប់លៀងអបអរសាទរទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ នៅប្រាសាទបាយ័ន កាលពីថ្ងៃសៅរ៍ ខណះព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំដ៏ធំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ ដោយមានអ្នកចូលរួមជាង ១២,០០០នាក់ ។ ឯកឧត្តមថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ពិតជានាំមកនូវកាលានុវឌ្ឍភាពថ្មីៗសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចសង្គម ដោយកម្ពុជាកំពុងតែបន្ដរស់នៅក្នុងសុខសន្ដិភាព ស្ថេរភាពនយោបាយ និងសំបូរសប្បាយពេញផ្ទៃប្រទេស ។
    ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងទៀតថា៖ “ខ្ញុំពិតជាមានមោទនភាពណាស់ ដែលព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ បានក្លាយជាដែកឆក់ថ្មី នៃផលិតផលទេសចរណ៍ច្នៃបង្កើតថ្មីមួយដ៏មានសារៈសំខាន់ រួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិរ៉ាប់ម៉ឺននាក់ក្នុងរយៈពេលតែមួយ។ ក្រសួងទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ បានខិតខំប្រឹងប្រែងការធ្វើពិពិតកម្មផលិតផលទេសចរណ៍ឲ្យកាន់តែមានភាពទាក់ទាញថ្មីៗ ប្លែកៗបន្ថែមទៀត ដើម្បីសម្រេចគោលដៅកំណើនទេសចរអន្ដរជាតិដល់ ៧លាននាក់ក្នុងឆ្នាំ២០២០” ។

    បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍រត់ប្រណាំង នៅមុខអង្គរវត្តម្សិលមិញនេះ គឺមានកំណើនអ្នកចូលរួមច្រើន រហូតដល់ ១២,១៧៥នាក់ ដែលមកពី ៨៥ប្រទេសលើពិភពលោក ដោយកើតឡើងប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៨ ក្នុងនោះអ្នករត់ ២១គីឡូម៉ែត្រមានចំនួន ៣,០៧៩នាក់, អ្នករត់ ១០គីឡូម៉ែត្រមានចំនួន ៥,០២៩នាក់, អ្នករត់ ៥គីឡូម៉ែត្រមានចំនួន ១,៨០៤នាក់ និងអ្នករត់ ៣គីឡូម៉ែត្រមានចំនួន ២,២៦៣នាក់ ។ ចំពោះជនបរទេសចូលរួមច្រើនជាងគេ មានអង់គ្លេសឈរលេខ១, ជប៉ុនឈរលេខ២, អាមេរិកឈរលេខ៣, អូស្ដ្រាលីឈរលេខ៤ និងបារាំង ឈរលេខ៥ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី