Koscielny ប្រាប់ដើមចមចាកចេញពីក្រុមសំណព្វ Arsenal ៖ ខ្ញុំមិនសប្បាយចិត្តនៅ Arsenal ទេ

21319
  • Laurent Koscielny បាននិយាយអំពីហេតុផលរបស់គាត់ក្នុងការចាកចេញពី Arsenal នារដូវក្តៅកន្លងទៅនេះ ។ ការសម្រេចចិត្តចាកចេញបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ដោយកីឡាករចាស់វស្សារូបនេះអះអាងថា ខ្លួនមិនរំពឹងថានឹងចាកចេញនោះទេ ។

    អតីតប្រធានក្រុមកាំភ្លើងធំ Arsenal រូបនេះបានបង្ហើបថា គាត់មិនសប្បាយចិត្តនៅ Arsenal ទេ ហើយគាត់មានអារម្មណ៍ថាគាត់ត្រូវត្រឡប់ទៅស្រុកកំណើតវិញជាមួយគ្រួសាររបស់គាត់ សម្រាប់ការប្រកួតប្រជែងថ្មី ។ ការប្រកួតចុងក្រោយរបស់ Koscielny  សម្រាប់ក្លឹបយក្សអង់គ្លេសគឺនៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ UEFA Europa League ទល់នឹងក្រុមតោខៀវ Chelsea កាលពីចុងរដូវកាល ២០១៨/២០១៩ ដែលការប្រកួតនោះ Arsenal ភ្លាត់ចាញ់ ៤ ទល់នឹង ១ ។ បន្ទាប់មកកីឡាករបារាំងរូបនេះបានបដិសេធមិនធ្វើដំណើរ Pre-Season ទៅកាន់សហរដ្ឋអាមេរិកកាលពីមុនបើករដូវកាល ដោយនេះបានបង្ហាញពីចេតនាចង់ចាកចេញ ។

    Koscielny បានប្រាប់ Canal + ថា៖ “ ខ្ញុំអាចយល់បានថា អ្នកគាំទ្រក្រុម Arsenal មិនរំពឹងថា ខ្ញុំនឹងចាកចេញនោះទេ ។ គ្មាននរណាម្នាក់រំពឹងទុកឡើយ ។ និយាយឱ្យសាមញ្ញ ខ្ញុំមិនសប្បាយចិត្តដូចខ្ញុំនៅថ្ងៃដំបូងដែលខ្ញុំបានចុះហត្ថលេខានោះទេ ។ ហើយជាមួយគ្រួសារខ្ញុំចាំបាច់ត្រូវត្រឡប់ទៅប្រទេសបារាំងវិញ ហើយមានបញ្ហាប្រឈមថ្មី ” ។

    គួររំលឹកផងដែរថា ខ្សែការពារចាស់វស្សាវ័យ ៣៤ឆ្នាំ Laurent Koscielny បានចំណាយពេល ៩ឆ្នាំជាមួយក្លឹប Arsenal នឹងបានដើរតួរនាទីយ៉ាងសំខាន់ក្នុងនាមជារបងការពារដ៏រឹងមាំរបស់ក្រុម មុនពេលសម្រេចចាកចេញពីទឹកដីអង់គ្លេស ទៅរួមរស់ជាមួយក្រុមបារាំង Bordeaux នារដូវកាលថ្មីនេះ ក្នុងតម្លៃផ្ទេរ ៤,៦ លានផោន ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី