ទឹកនៅផ្នែកខ្លះនៃទន្លេមេគង្គកំពុងប្រែជាពណ៌ខៀវ-បៃតង ដែលកំពុងគម្រាមកំហែងដល់ជីវៈចម្រុះ

91915
  • គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC បានឲ្យដឹងពីស្ថានភាពប្រែប្រួលនៃទឹកទន្លេមេគង្គថា ទឹកនៅផ្នែកខ្លះនៃទន្លេនេះ កំពុងប្រែជាពណ៌ខៀវ-បៃតង ដែលគម្រាមកំហែងដល់ជីវៈចម្រុះនៃដងទន្លេ និងជីវភាពរស់នៅរបស់ប្រជាជន ។
    សេចក្តីប្រកាសព័ត៌មានបន្ទាន់របស់គណៈកម្មការទន្លេមេគង្គនៅថ្ងៃទី១០ ខែធ្នូនេះ បានបញ្ជាក់ថា ទឹកទន្លេមេគង្គ ណាខន ផាន់ណុំ (Nakhon Phanom) របស់ប្រទេសថៃ និងទន្លេថាកខេក (Thakhek) របស់ប្រទេសឡាវ បានធ្វើឱ្យមានពណ៌លាយឡំគ្នាខៀវ-បៃតង ហើយបាតុភូតនេះ អាចរាលដាលដល់ផ្នែកផ្សេងទៀត នៃទន្លេមេគង្គដែលមានលំហូរទឹកទាប ។

    លោក សូ ណាម (So Nam) ប្រធានផ្នែកគ្រប់គ្រងបរិដ្ឋាននៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានពន្យល់ថា ការធ្លាក់ចុះយឺតៗ នៃល្បាប់ទន្លេ និងវត្តមាននៃសារាយនៅលើដីខ្សាច់ និងបាតទន្លេ គឺជាមូលហេតុដែលអាចធ្វើឱ្យទឹកទន្លេមេគង្គនាពេលថ្មីៗនេះប្រែជាពណ៌ខៀវ ហើយបាតុភូតទឹកពណ៌ខៀវ-បៃតងនេះ ទំនងជារីករាលដាលដល់ទន្លេមេគង្គផ្នែកខាងក្រោមបន្តទៀត ។ លោក បន្តថា សារាយទាំងនេះជាធម្មតាហូរចេញពីទឹកទន្លេ ប៉ុន្តែដោយសារកម្ពស់ទឹកទន្លេទាប ទើបធ្វើឲ្យជាប់គាំងនៅលើដីខ្សាច់ និងបាតទន្លេបែបនេះ ។
    យោងតាមការវិភាគបឋមរបស់គណៈកម្មការទន្លេមេគង្គ ដែលបានពិនិត្យមើលមូលហេតុ និងផលប៉ះពាល់សក្តានុពលនៃបាតុភូតនេះ បានបង្ហាញថា លំហូរទាបខ្លាំងណាស់ឥឡូវនេះ កំពុងមានបទពិសោធន៍នៅក្នុងទន្លេមេគង្គ ក្នុងអំឡុងពេលគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមួយ ដែលមិនធ្លាប់មាននៅក្នុងតំបន់បានផ្លាស់ប្តូរពណ៌ទឹក ខណៈដីល្បាប់ល្អៗ ត្រូវបានរកឃើញនៅក្នុងទឹកដែលហូរយ៉ាងលឿន និងកម្រិតទឹកកាន់តែជ្រៅ ហើយធ្វើឱ្យទឹកមានពណ៌ត្នោត ដែលមិនអនុញ្ញាតឲ្យរុក្ខជាតិមីក្រូទស្សន៍ ឬសារាយដុះលើដីខ្សាច់ និងបាតទន្លេប្រែទៅជាពណ៌បៃតង ។
    ការវិភាគ បានព្រមានថា លក្ខខណ្ឌអាចនឹងកាន់តែអាក្រក់ ប្រសិនបើជីប្រើក្នុងវិស័យកសិកម្មហូរចូលក្នុងទន្លេ ដែលផ្តល់ការលូតលាស់ដល់សារាយ ខណៈបញ្ហានៃលំហូរទាប និងដីល្បាប់ អាចនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សក្តានុពលទឹកទន្លេដូចជា ផលត្រី ផលិតភាពរបស់ជីវៈចម្រុះ ការនេសាទត្រី និងការចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន ។

    ផ្អែកលើការវិភាគស្ថានភាពបច្ចុប្បន្ននៃរូបរាងពណ៌ខៀវ-បៃតងនៅទន្លេមេគង្គ អាចនឹងបន្តកើតមានរហូតដល់ទឹកហូរតាមដងទន្លេកើនឡើងនៅពេលចាប់ផ្តើមរដូវទឹកជំនន់បន្ទាប់ ដែលជាធម្មតាចាប់ផ្តើមនៅចុងខែឧសភា ។ លក្ខខណ្ឌនេះ ក៏អាចធូរស្បើយផងដែរ ប្រសិនបើមានបរិមាណទឹកច្រើន ត្រូវបានបញ្ចេញចេញពីអាងស្តុកក្នុងទំនប់ទឹកខាងលើ និងទំនប់វារីអគ្គិសនី ដើម្បីប្រមូលផ្តុំដីល្បាប់ និងផ្តល់ឱ្យមេគង្គនូវពណ៌ត្នោតធម្មតា ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី