ចាប់ពីឆ្នាំ២០២៣តទៅ ខេត្តសៀមរាបនឹងមានសមត្ថភាពផលិតទឹកស្អាតបាន៩០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ

79567
  • យោងតាមគម្រោងវិនិយោគទ្រង់ទ្រាយធំដោយដៃគូអភិវឌ្ឍន៍នានា ក្នុងឆ្នាំ២០២៣ខាងមុខ អង្គភាពរដ្ឋាករទឹកស្វយ័តសៀមរាប នឹងមានសមត្ថភាពអាចផលិតទឹកស្អាតបានប្រមាណជា ៩០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ក្នុងខណៈដែលបច្ចប្បន្ននេះ សមត្ថភាពផលិតទឹកស្អាតក្នុង១ថ្ងៃ បានត្រឹមតែ ៣០ពាន់ម៉ែត្រត្រីគុណប៉ុណ្ណោះ ដែលកំពុងប្រឈមនឹងតម្រូវការប្រើប្រាស់ក្នុង១ថ្ងៃ ៦០ពាន់ម៉ែត្រត្រីគុណ នៅក្នុងក្រុងសៀមរាបទាំងមូល ។

    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានប្រសាសន៍ថា សម្រាប់ក្រុងសៀមរាប ត្រូវមានការគិតគូរទុកជាមុនក្នុងរយៈពេលវែងពី១០ទៅ២០ឆ្នាំខាងមុខ ដើម្បីត្រៀមដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងបម្រើដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដែលនឹងមានការរីកចម្រើនកាន់តែខ្លាំងថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខនេះ ។ ឯកឧត្តម ចម ប្រសិទ្ធ បានបញ្ជាក់ថា ក្នុងទិសដៅឈានឆ្ពោះទៅកាន់ការផ្តល់សេវាគ្របដណ្តប់ ១០០ភាគរយ លើក្រុងសៀមរាប ឆ្លើយតបនឹងគោលនយោបាយទឹកស្អាតរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័តសៀមរាបមានគម្រោងវិនិយោគមួយផ្សេងទៀត ក្រោមក្របខ័ណ្ឌឥណទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជា ១០៦លានដុល្លារអាម៉េរិក សម្រាប់ការសាងសង់រោងចក្រទឹកស្អាតថ្មីមួយទៀត មានសមត្ថភាពផលិតទឹក ៦០ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដោយយកប្រភពទឹកពីបឹងទន្លេសាប និងការដំឡើងបំពង់មេនាំទឹក និងបំពង់ចែកចាយទឹកស្អាត ប្រវែងសរុប ២២០គីឡូម៉ែត្រ ដែលគម្រោងនេះ រដ្ឋាករទឹកស្វយ័តសៀមរាប បានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់រួចហើយ ជាមួយនេះក្រុមហ៊ុនក៏បានចាប់ផ្តើមការងារជំហានដំបូង និងផ្គត់ផ្គង់សម្ភារពីក្រៅប្រទេសជាបន្តបន្ទាប់ និងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខ ដែលគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៣ ។

    ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមានមតិស្វាគមន៍ នៅក្នុងពិធីបើកសម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទឹកវិលទី២ នោះដែរថា បច្ចុប្បន្ននេះ តម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបជាមធ្យមប្រមាណ ៦០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ក្នុងពេលដែលរដ្ឋាករទឹកស្វយ័តសៀមរាប មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានត្រឹមតែ ៣០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ដោយបូករួមទាំងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទឹកវិល២ ដែលកំពុងបើកសម្ពោធនេះដែរ។ គម្រោងពង្រីកបណ្តាញចែកចាយទឹកស្អាត ប្រវែង១០០គីឡូម៉ែត្រ ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី( ADB) ដែលមានទំហំទឹកប្រាក់សរុប ៥លានដុល្លារអាម៉េរិក និងថវិការបស់រដ្ឋាករទឹកស្វយ័តសៀមរាបផ្ទាល់សរុបប្រមាណ ២លានដុល្លារអាម៉េរិក ដែលចាប់ដំណើរការសាងសង់កាលពីឆ្នាំ២០១៨នោះ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ។

    គួរបញ្ជាក់ថា យោងតាមការសិក្សារបស់ក្រុមហ៊ុនបារាំង និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA នៅក្នុងឆ្នាំ២០៣០ខាងមុខ តម្រូវការនៃការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបនឹងកើនឡើងដល់៩០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ។ បច្ចុប្បន្នតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបជាក់ស្តែង មានចំនួនដល់ទៅ៦០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ក្នុងខណៈដែលក្រុងសៀមរាបមានសមត្ថភាពផលិតបានត្រឹមតែ៣០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ប៉ុណ្ណោះ ដោយរាប់បញ្ចូលទាំងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទឹកវិល២ ដែលបានដាក់សម្ពោធឱ្យប្រើបា្រស់ក្នុងក្នុងពេលថ្មីៗនេះ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី