ម្ចាស់មេដាយមាសស៊ីហ្គេមទាំង ៤ ប្រភេទកីឡា ទទួលបានប្រាក់រង្វាន់ឧបត្ថម្ភពីណាហ្គាវើលដ៏

83332
  • ម្ចាស់ជ័យលាភីមេដាយមាសទាំង៤ ប្រភេទកីឡា រួមទាំងគ្រូបង្វឹក ដែលដណ្តើមបានពីស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ទទួលបានការឧបត្ថម្ភលើកទឹកចិត្តជាប្រាក់រង្វាន់ពីណាហ្គាវើលដ៍ កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ ព្រមទាំងមន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រតិភូកីឡា អត្តពលិក និងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ។

    ជាផ្នែកមួយនៃកិច្ចព្រមព្រៀង “ដំណើរឆ្ពោះទៅរកមេដាយមាស” របស់ណាហ្គាវើលដ៍ជាមួយនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អត្តពលិកមេដាយមាសឯកត្តជនម្នាក់ទទួលបានរង្វាន់ជាទឹកប្រាក់ ៦.០០០ ដុល្លារអាមេរិក ចំណែកឯអត្តពលិកមេដាយមាសក្រុមមួយក្រុមទទួលបានទឹកប្រាក់រង្វាន់ ១០.០០០ ដុល្លារអាមេរិកដែលប្រាក់រង្វាន់នេះកើនឡើងទ្វេដងកាលពីស៊ីហ្គេមលើកមុន។ វីរកីឡាករ និងវីរកីឡាការិនីដែលទទួលបានមេដាយមាសពីស៊ីហ្គេមក្នុងឆ្នាំនេះ មានកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ក្នុងប្រភេទទម្ងន់លើស ៧៣ កីឡូក្រាម, កីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ក្នុងប្រភេទទម្ងន់ក្រោម ៤៩ កីឡូក្រាម, កីឡាករគុនល្បុក្កតោ យ៉ុង ម៉េងលី ដែលឈ្នះលើគុន Arnis និងកីឡាការិនីប៉េតង់ជាក្រុម ៣ទល់៣ ស្រេង សុរ៉ាឃីម ឃួន យ៉ារី ដួង ឌីណា និងអ៊ុន ស្រីយ៉ា ។
    ជាមួយគ្នានោះ ណាហ្គាវើលដ៍ក៏បានផ្តល់រង្វាន់ជាទឹកប្រាក់ដល់គ្រូបង្វឹករបស់អត្តពលិកមេដាយមាសម្នាក់ៗនូវទឹកប្រាក់ ១.០០០ ដុល្លារអាមេរិក ព្រមទាំងផ្តល់រង្វាន់ដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានូវទឹកប្រាក់ ៤.០០០ ដុល្លារអាមេរិកផងដែរចំពោះមេដាយមាសទាំង ៤ ដែលអត្តពលិកទទួលបានដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត ណាហ្គាវើលដ៍ ក៏បានឧបត្ថម្ភឯកសណ្ឋានកីឡាសម្រាប់គណៈប្រតិភូដឹកនាំកីឡា និងអត្តពលិកទាំងអស់ទៅកាន់ប្រទេសហ្វីលីពីនផងដែរ ។

    គួររំឭកដែរថា ណាហ្គាវើលដ៍គឺជាក្រុមហ៊ុនដែលឧបត្ថម្ភរយៈពេលវែងជាងគេដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាក្រុមហ៊ុនទីមួយដែលបានចុះកិច្ចព្រមព្រៀងដើម្បីឧបត្ថម្ភដល់អត្តពលិកកម្ពុជាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១១ ក្នុងប្រទេសឥណ្ឌូនេស៊ី និងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០១២ ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ បន្ទាប់មក ណាហ្គាវើលដ៍ បានបន្តកិច្ចព្រមព្រៀងឧបត្ថម្ភរយៈពេល៤ឆ្នាំរបស់ខ្លួន ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងឆ្នាំ២០១៥ ដើម្បីផ្តល់រង្វាន់ជាទឹកប្រាក់ដល់អត្តពលិកកម្ពុជាដែលបានទទួលបានជ័យជម្នះពីព្រឹត្តិការណ៍កីឡាអន្តរជាតិ។ កាលពីដើមឆ្នាំ២០១៩នេះ ណាហ្គាវើលដ៍បានបន្តកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៤ឆ្នាំបន្ថែមទៀត ដើម្បីឧបត្ថម្ភនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ និងកីឡាអាស៊ានប៉ារ៉ាហ្គេម (ជនពិការ) លើកទី១០ នៅប្រទេសហ្វីលីពីន ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ និងកីឡាជនពិការលើកទី១១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងកីឡាជនពិការឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់ទ្វីបអាស៊ីឆ្នាំ២០២០ នៅទីក្រុងសានយ៉ាប្រទេសចិន ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ២០២២ ក្នុងទីក្រុងហាងចូវ ប្រទេសចិន និងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនរដូវក្តៅឆ្នាំ២០២២ នៅទីក្រុងដាកា ប្រទេសសេណេហ្គាល់ ៕

    ដោយ៖ តារា   រូបភាព៖ SEA GAME 2023

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី