ញ៉ាក់សាច់! កម្ពុជា អញ្ជើញជើងខ្លាំងមកពីភ្នំសៅលីញ មកប្រកួតជាមួយគុនល្បក្កតោខ្មែរ ក្នុងពិធីបុណ្យសមុទ្រ

87549
  • ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ឆ្នាំ២០១៩នេះ រឹតតែមានភាពពិសេសលើសឆ្នាំមុនៗទៅទៀត ដោយគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យ ពិសេសអនុគណៈកម្មការសកម្មភាពកីឡាសម្រាប់ពិធីបុណ្យសមុទ្រ បានអញ្ជើញក្រុមកីឡាករគុនសៅលីញមកពីភ្នំសៅលីញ ប្រទេសចិន ឱ្យចូលរួមប្រកួតជាមួយក្រុមកីឡាករគុនល្បក្កតោ ដែលជាគុនបុរាណខ្មែរដ៏ល្បីល្បាញ ។

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានអនុគណៈកម្មការសកម្មភាពកីឡា សម្រាប់ពិធីបុណ្យសមុទ្រនៅខេត្តកំពត បានឱ្យដឹងថា លោកបានទៅដល់ភ្នំសៅលីញ ប្រទេសចិនផ្ទាល់ ដោយបានជួបពិភាក្សាជាមួយឧត្តមគ្រូ (Grand Master) នៃក្បាច់គុនសៅលីញផ្ទាល់ដើម្បីអញ្ជើញក្រុមកីឡាករគុនសៅលីញឱ្យមកចូលរួមប្រកួតកីឡាគុន ក្នុងពិធីបុណ្យសមុទ្រនៅប្រទេសកម្ពុជា ហើយឧត្តមគ្រូរូបនោះក៏បានទទួលយល់ព្រមជាមួយសំណើនេះយ៉ាងពេញចិត្ត ។
    បើតាមឯកឧត្តម វ៉ាត់ ចំរើន ឧត្តមគ្រូគុនសៅលីញបានសម្រេចចូលរួមប្រកួតជាមួយកម្ពុជា និងដឹកនាំកីឡាករចំនួន៤នាក់ទៀត មកចូលរួមក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពត ដោយលោកមានការត្រេកអរយ៉ាងខ្លាំង ព្រោះនេះជាលើកដំបូងហើយដែលក្រុមកីឡាករគុនសៅលីញចេញមកប្រកួតនៅប្រទេសកម្ពុជា ។
    ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា ប្រជាពលរដ្ឋភាគច្រើនធ្លាប់ឃើញតែឃើញក្បាច់គុនសៅលីញនៅតាមវីដេអូ ឬនៅតាមភាពយន្តជាដើម ប៉ុន្តែនៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពតនាពេលខាងមុខនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនឹងបានឃើញផ្ទាល់ភ្នែកក្នុងការប្រកួតជាមួយក្បាច់គុនបុរាណខ្មែរជាក់ជាមិនខាន ។
    ឯកឧត្តម វ៉ាត់ ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកស្នេហាវិស័យកីឡា សូមចូលរួមទស្សនាប្រកបដោយភាពសប្បាយរីករាយ ក្នុងការប្រកួតគុនបុរាណខ្មែរទល់នឹងគុនបុរាណចិន ដែលសុទ្ធតែមានភាពល្បីល្បាញដូចគ្នា។

    មិនតែប៉ុណ្ណោះ ក៏មានការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិ ដណ្ដើមខ្សែក្រវាត់ពិភពលោកក្នុងកម្រិតពាក់កណ្ដាលអាជីព ដែលមានការចូលរួមពីក្រុមកីឡាករ ៣ ប្រភេទ រួមមាន៖ អ្នកស្ម័គ្រចិត្ត អ្នកពាក់កណ្ដាលអាជីព និងអ្នកប្រដាល់អាជីព ហើយចំពោះប្រភេទអាជីពនេះក៏មានការចូលរួមពីកីឡាករល្បីៗ ដូចជាកីឡាករ រឿង សោភ័ណ និងកីឡាករបរទេសជាច្រើនទៀត ។
    ក្រៅពីនេះ ក៏មានការប្រកួតយុទ្ធគុនបុរាណរបស់ក្រុមកីឡាករឥណ្ឌាផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យសកម្មភាពកីឡាក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពតនេះ កាន់តែប្រកបដោយភាពចម្រុះ ផ្ដល់នូវភាពសប្បាយរីរាយជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ខណៈបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ត្រូវបានអះអាងធានារួចមកហើយដែរ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី