បុគ្គលដ៏មានឥទ្ធិពលម្នាក់របស់ SoftBank បានលាលែងពីតំណែងជាសមាជិកក្រុមប្រឹក្សាភិបាល

61464
  • យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ដោយដកស្រង់សេចក្តីប្រកាសរបស់ក្រុមហ៊ុន SoftBank Group Corp ដែលធ្វើឡើងនៅថ្ងៃសុក្រ (ទី២៧ ធ្នូ) នេះ បានឲ្យដឹងថា លោក តាដាហ្សិ យ៉ាណៃ (Tadashi Yanai) ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Fast Retailing ដែលគ្រប់គ្រងម៉ាកសញ្ញាសម្លៀកបំពាក់ Uniqlo នោះ នឹងលាលែងពីតំណែងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ក្រុមហ៊ុន SoftBank Group Corp នៅចុងឆ្នាំនេះ បន្ទាប់ពីចំណាយរយៈពេល ១៨ឆ្នាំក្នុងការផ្តោតលើអាជីវកម្មសម្លៀកបំពាក់របស់លោក ។

    លោក Tadashi Yanai

    សូមជម្រាបថា មហាសេដ្ឋីដែលជាមិត្តភក្តិរបស់ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន SoftBank លោក ម៉ាសាយ៉ូហ្សិ សុន (Masayoshi Son) ខាងលើ គឺជាសមាជិកមួយរូបក្នុងចំណោមសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យបីរូបដែលធ្វើការជាមួយនាយកប្រតិបត្តិ SoftBank និងប្រធានក្រុមហ៊ុនផលប័ត្រផ្សេងៗទៀតរបស់ក្រុមហ៊ុននេះ ។ ថ្លែងក្នុងសេចក្តីប្រកាសខាងលើ អ្នកនាំពាក្យរបស់ក្រុមហ៊ុន SoftBank បានលើកឡើងថា ស​ម្រាប់អ្នកស្នងតំណែងលោក យ៉ាណៃ (Yanai) នៅមិនទាន់មានការសម្រេចនៅឡើយទេ ។ គួរឲ្យដឹងថា លោក យ៉ាណៃ (Yanai) ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិជនជាតិជប៉ុនដ៏លេចធ្លោមួយរូបនោះ ត្រូវបានគេដឹងថា លោកតែងតែមានឆន្ទៈក្នុងការបញ្ចេញមតិប្រឆាំងនឹងសេចក្តីសម្រេចចិត្តមួយចំនួនរបស់លោក សុន (Son) នាពេលកន្លងមក ។

    លោក Masayoshi Son

    សូមបញ្ជាក់ថា ការចាកចេញរបស់លោក តាដាហ្សិ យ៉ាណៃ (Tadashi Yanai) នេះ នឹងធ្វើឲ្យក្រុមហ៊ុន SoftBank បានបាត់បង់បុគ្គលដែលហា៊នបញ្ចេញមតិដ៏មានឥទ្ធិពលបំផុត ប​ន្ទាប់ពីនាយកគ្រប់គ្រងមួយរូបគឺលោក ហ្ស៊ីហ្គីនូប៊ុ ណាហ្គាម៉ូរិ (Shigenobu Nagamori) ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Nidec Corp បានលាឈប់ពីតំណែងកាលពី ២ឆ្នាំមុន ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី