
Manchester United បានប្រកាសពីការខាតបង់ចំនួន ២៩ លានផោនក្នុងរយៈពេល ៦ ខែចុងក្រោយនៅឆ្នាំ ២០១៧ ដែលនេះជាលទ្ធផលក្រៅទីលានដ៏អាក្រក់បំផុតសម្រាប់ក្លិបមួយនេះក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ។
ការផ្លាស់ប្តូររបៀបគិតពន្ធនៅសហរដ្ឋអាមេរិចបានធ្វើឲ្យក្រុមបិសាចក្រហមខាតបង់ប្រាក់លើការកាត់ពន្ធចំនួន ៤៨,៨ លានផោន។ ក្រុមហ៊ុនលើសកលលោកជាច្រើនក៏ត្រូវទទួលរងផលប៉ះពាល់ស្រដៀងគ្នាដោយសារកំណែទម្រង់នេះផងដែរ ប៉ុន្តែការគិតថ្លៃពន្ធនេះបានធ្វើឲ្យ Old Trafford ត្រូវជាប់បំណុល បើប្រៀបធៀបទៅនឹងប្រាក់ចំណេញ ១៨,៧ លានផោនដែលពួកគេទទួលបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦។
ប៉ុន្តែលោក Cliff Batey ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្លឹបបានទទូចថា ក្លឹបនឹងធ្វើការទូទាត់លើបំណុលនេះ។ប្រាក់ចំណូលសរុបរបស់ Man United សម្រាប់រយៈពេលនេះបានកើនឡើងដល់ ១៦៣,៩ លានផោន បួករួមទាំងការចំណាយ ៦៩,៦ លានផោនលើថ្លៃប្រាក់ឈ្នួល និងប្រាក់លើកទឹកចិត្តក្នុងរយៈពេល ៣ ខែចុងក្រោយនៅឆ្នាំនេះ។
អនុប្រធានប្រតិបត្តិលោក Ed Woodward បាននិយាយថា ប្រាក់ចំណូលនេះបានជួយឲ្យ Man United អាចបន្តកុងត្រាថ្មីជាមួយ Jose Mourinho និងទិញ Alexis Sanchez ពី Arsenal ។
គាត់បាននិយាយថា៖ «គំរូអាជីវកម្មដ៏រឹងមាំរបស់យើងបានជួយឲ្យយើងអាចវិនិយោគលើអនាគតរបស់ក្លឹបបានតាមរយៈការបន្តកុងត្រារបស់គ្រូបង្វឹក Jose Mourinho និងការទិញយក Alexis Sanchez»។
«យើងនឹងរង់ចាំទទួលជោគជ័យសម្រាប់រយៈពេលដែលនៅសល់នៅរដូវកាលនេះប្រកបដោយទំនុកចិត្ត»។
ដោ៖ តារា