
ក្រោយពីទទួលបានជ័យជម្នះ ២-០ លើក្រុមភ្ញៀវ វេស្ទើនភ្នំពេញ គ្រូបង្វឹកក្លឹប អង្គរថាយហ្គឺរ លោក Oriol Mohedano រីករាយខ្លាំងណាស់ហើយអះអាងថា ៣ ពិន្ទុនៅលើទឹកដីខេត្តស្ដេចតំបន់ទេសចរណ៍របស់កម្ពុជាមួយនេះ វាមិនមែនកើតឡើងអំពីគុណភាពរបស់ក្រុមតែមួយមុខនោះទេ គឺបូករួមជាមួយអ្នកគ្រាំទ្រដ៏អស្ចារ្យដែលជាកម្លាំងចិត្តក្នុងការទទួលបានជ័យជំនះនេះ ។
លោកបាននិយាយថា៖ ” ខ្ញុំពិតជារីករាយបំផុតក្នុងការទទួលបានជ័យជំនះក្នុងដីនៅថ្ងៃនេះ ។ ពួកយើងលេងបានយ៉ាងល្អមែនទែន ទោះបីជាយើងបាត់បង់កីឡាករសំខាន់ៗមួយចំនួនក្ដី ។ តែយ៉ាងណាខ្ញុំមិនភ្លេចអគុណដល់អ្នកគ្រាំទ្រដ៏ស្មោះស្ម័គ្ររបស់យើង ដែលជាកម្លាំងដ៏សំខាន់មួយដែលជួយឲ្យក្រុមឈ្នះ វេស្ទើន ។ គុណភាពរបស់កីឡាករជារឿងមួយ តែអ្នកគ្រាំទ្រជាកម្លាំងមួយដែលយើងមិនអាចខ្វះបាន “។
គួបញ្ជាក់ផងដែរថា កាលប្រកួតរវាង ក្លឹប អង្គរថាយហ្គឺរ ជាមួយ វេស្ទើនភ្នំពេញ នៅកីឡាដ្ឋានខេត្តសៀមរាប មានអ្នកទស្សនាប្រហែលជា ១០០០ នាក់ នេះបើតាមការបញ្ជាក់ពីគណះកម្មការរៀបចំការប្រកួតប្រាប់ឲ្យដឹង ៕
ដោយ៖តារា