កីឡាករឡាវ ក្លាយជាម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ប្រកួតប្រណាំងកង់ពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

89029
  • ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ បានបញ្ចប់ជា​ស្ថាពរ​ហើយ ក្រោយដំណើរការប្រកួតរយៈពេល ៣ ថ្ងៃ ក្នុងនោះកីឡាករឡាវ ជាអ្នកគ្រងជើង​ឯកប្រណាំងកង់ពិភពលោក ក្នុងរយៈពេល ៣ថ្ងៃនេះ បន្ទាប់ពីបូកពិន្ទុសរុបបានខ្ពស់ជាងគេ ។ ការប្រណាំងឆ្លងកាត់ ៤ ខេត្ត រួមមានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបនេះ មានចម្ងាយផ្លូវសរុប ៤៥៤.៦គីឡូម៉ែត្រ ។ នេះបើយោងតាមក្រសួងទេសចរណ៍ ។

    ក្នុងពិធីបិទបញ្ចប់ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះ បានធ្វើឡើងក្រោមវត្តមាន​ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា លោក Bruno Bodard អគ្គនាយក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក និងឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប រួមទាំងគណៈកម្មការបច្ចេកទេសមកពីសហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ (UCI) ក្រុមការងារ និងកីឡាករជាតិ-អន្ដរជាតិផងដែរ ។
    សូមបញ្ជាក់ថា សម្រាប់លទ្ធផលជារួម ក្នុងការប្រកួតរយៈពេល ៣ ថ្ងៃនេះ ចំណាត់​ថ្នាក់លេខ១ បានទៅលើកីឡាករឡាវ Phounsavath Ariya មកពីក្លឹប Laos Cycling Team ។
    ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករម៉ាឡេស៊ី Hohd Zariff Muhmad Nur Aiman មកពីក្លឹប Team Sapura Cycling ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករហុងកុង Fung Ka Hoo មកពីក្លឹប HKSI Pro Cycling Team ។ ចំពោះលទ្ធផលប្រកួតដំណាក់​កាលទី៣ ដែលចេញដំណើរពីក្លោងទ្វារចូលភ្នំបូកគោ ដល់មុខសាលាខេត្តកែប និងជិះជុំវិញក្រុងកែប ៥ ជុំ រួមមាន៖ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករហ្វីលីពីន Quita Ronnilan មកពីក្លឹប Go For Gold Philippines។ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករហុងកុង Lau Wan Yan Vincent មកពីក្លឹប HKSI Pro Cycling Team ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករម៉ាឡេស៊ី Zakaria Akmai Hakim មកពីក្លឹប Team Sapura Cycling ។

    ដោយឡែកចំណាត់ថ្នាក់ កីឡាករ​ធ្វើបានល្អជាងគេ ក្នុងរយៈពេល ៣ ថ្ងៃ គឺកីឡាករក្មេងល្អជាងគេ បានទៅកីឡាករម៉ាឡេស៊ី Rosli Muhammad Nurfitri Ammar ទទួលបានជយលាភីអាវពណ៌ស ។ កីឡាករ​​ប្រណាំង​ជែងល្អជាងគេ បានទៅកីឡាករម៉ាឡេស៊ី Mohd Zariff Muhamad Nur Aiman ទទួល​បានជ័យលាភីអាវពណ៌បៃតង ។ កីឡាករប្រណាំងឡើងភ្នំល្អជាងគេ បានទៅកីឡាករហុងកុង Choy Hiu Fung ទទួលបានជ័យលាភីអាវក្រហម ។ កីឡាករធ្វើបានល្អជាងគេ ទាំងជែង និងឡើងភ្នំ បានទៅកីឡាករហុងកុង Phounsavath Ariya ទទួលបានជ័យលាភី អាវពណ៌​លឿង ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី