ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ដាក់លក់ជាផ្លូវការហើយ តម្លៃចាប់ពី២លានរៀលឡើងទៅ

68312
  • ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការលក់លេខចុះបញ្ជីពិសេសសម្រាប់រថយន្ដឯកជនមានតម្លៃចាប់ពី ២លានរៀលឡើងទៅ ដោយការសុំលេខនេះមានពីរជម្រើស គឺដាក់លក់ធម្មតា និងការដាក់ដេញថ្លៃតាមប្រព័ន្ធស្វ័យប្រតិកម្ម ។

    ថ្លែងក្នុងពិធីបើកឲ្យដំណើរការជាផ្លូវការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ដជាលើកដំបូងនេះកម្ពុជា នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ នៅផ្សារទំនើប អ៊ីអន សែនសុខ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ជញ្ជូន មានប្រសាសន៍ថា លក្ខណៈសម្បត្តិរបស់ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបោះពុម្ពដោយមានអក្សរ “កម្ពុជា” នៅផ្នែកខាងលើ និងការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី០១ ដល់ ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល ព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយផ្លាកលេខពិសេសនេះ ក៏អាចរក្សាទុកបាននៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្តផងដែរ ។
    ឯកឧត្តមបន្តថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ អាចធ្វើការជ្រើសរើសផ្លាកលេខរថយន្ត ដែលខ្លួនស្រលាញ់ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុង ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តដែលមានអាសយដ្ឋាន vehicle.mpwt.gov.kh ដោយគ្រាន់តែប្រើប្រាស់គណនីដែលខ្លួនមាន ឬតម្កល់ប្រាក់ជាមួយនឹងដៃគូគ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបង្កលក្ខណៈ ងាយស្រួល តម្លាភាព ទំនុកចិត្ត លឿនរហ័ស និងសុវត្ថិភាពខ្ពស់ ។
    ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា គោលបំណងនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់ រថយន្ដនេះ គឺដើម្បីផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើសរើសស្លាកលេខ ដែលមានលក្ខណៈពិសេសអាចកម្ម៉ង់តាមការពេញចិត្ត ព្រមទាំងជួយសម្រួលដល់នីតិវិធីនៃការប្រមូល ពន្ធថែមទៀតផង ។

    ជាមួយគ្នានេះ ក៏ដើម្បីបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទិញលេខចុះបញ្ជីរថយន្ត ដោយងាយស្រួលតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនៃយុគសម័យបច្ចេកវិទ្យា ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី