ចេកអំបូងលឿងកម្ពុជា នាំចេញទៅទីផ្សារបរទេសក្នុងមួយថ្ងៃចាប់ពី ២០ទៅ៣០តោន

137943
  • ក្រុមហ៊ុនអង្គបាណាណានៅខេត្តស្ទឹងត្រែង បាននាំផលិតផលសម្រេចទៅទីផ្សារក្រៅប្រទេសក្នុងមួយសប្តាហ៍ចាប់ ២៥០តោនទៅ ៣០០តោន នេះជាជំនួញពាណិជ្ជកម្មដ៍ធំមួយនៅខេត្តភូមិភាគឥសាន ដែលបានបង្ហាញពីភាពវិវត្តរីកចំរើន ក្រោមសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាយើង ។

    ក្នុងសកម្មភាពប្រមូលផលចេកអំបូងលឿននៅក្រុមហ៊ុនបាណាណា ក្នុងឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ លោកងៀង វ៉ាងយ៉ុង ប្រធានក្រុមវេចខ្ចប់ផលិតផលនាំចេញបានបញ្ជាក់ថា ក្នុងមួយថ្ងៃកម្មករធ្វើការវេចខ្ចប់ចេកបានចាប់ពី២០តោនទៅ៣០តោនសម្រាប់នាំចេញទៅកាន់ទីផ្សារនៅក្រៅប្រទេស ។ លោកបន្តថា ក្រុមហ៊ុនបានសំដែងការដឹងគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានវិនិយោគដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនដាំដំណាំកសិកម្ម សម្រេចបានទៅតាមផែនការនិងបានផ្តល់ការងារជូនប្រជាពលរដ្ឋធ្វើនៅក្នុងស្រុក ដោយមិនបាច់ចាកចេញពីស្រុកកំណើតទៅស៊ីឈ្នួលលក់កម្លាំងពលកម្មនៅក្រៅប្រទេស ។
    លោក គង់ លន់ កម្មករមកពីភូមិឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា កន្លងមកលោកធ្លាប់ទៅធ្វើការនៅប្រទេសថៃត្រូវបានថៅកែបោកប្រាស់បើកប្រាក់ឈ្នួលឱ្យមិនត្រឹមត្រូវទៅតាមកិច្ចសន្យាទេ ។ លោកបន្តថា  មកធ្វើការនៅក្នុងក្រុមហ៊ុនអង្គបាណាណាប្រមូលផលចេកនេះ មានជីវភាពល្អជាង ទៅស៊ីឈ្មួលនៅក្រៅប្រទេស ដោយក្នុងមួយខែទទួលបានប្រាក់ចាន់ពី ២៥០ទៅ ៤០០ដូល្លាទៅតាមការងារដែលយើងខិតខំធ្វើបាន ។

    សូមបញ្ជាក់ថា ក្រុមហ៊ុនអង្គរបាណាណាស្ទឹងត្រែងបានវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលចំនួន (២.៩៦៥ហិចតា) បច្ចុប្បន្នបានដាំចេកអំបូងលឿង កំពុងប្រមូលផលនិងដាំស្វាយ -ម្នាស់-ខ្នុរ-និងក្រូចថ្លុងបន្ថែមទៀត ដើម្បីផ្តល់ការងារជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី