Valverde ៖ ខ្ញុំនឹងរៀនបានច្រើនពី Pogba ប្រសិនបើគាត់មកកាន់ Real Madrid

29903
  • ខ្សែបម្រើ Federico Valverde របស់ក្រុម Real Madrid បាននិយាយថា គាត់នឹងរៀនបានច្រើនពី Paul Pogba ប្រសិនបើបុរសសញ្ជាតិបារាំងរូបនេះចាកចេញពីក្លឹប Manchester United ចូលរួមជាមួយក្រុមស្ដេចស ។

    Paul Pogba ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ចេញពី Old Trafford ដោយ Real Madrid និង Juventus ជាគោលដៅកំពូលដែលអាចនឹងចំណាយប្រាក់យ៉ាងច្រើនទៅលើខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ ។ អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានទទូចថា Pogba ដែលខកខានស្ទើរតែពេញមួយរដូវកាលដោយសារបញ្ហារបួសកជើងនឹងមិនត្រូវបានលក់ចេញក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះទេ ។ ប៉ុន្តែរឿងនោះមិនបានធ្វើឱ្យស្ងប់ស្ងាត់នូវការនិយាយដែលថា កីឡាករវ័យ ២៦ ឆ្នាំរូបនេះអាចចាកចេញពីទឹកដី Old Trafford នាប៉ុន្មានខែខាងមុខនេះទេ ខណៈដែលគាត់ឈានដល់ ១៨ ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់ ។

    ការបង្ហាញពីភាពលេចធ្លោរបស់ខ្សែបម្រើវ័យក្មេង Valverde នៅរដូវកាលនេះបានធ្វើឱ្យមនុស្សជាច្រើនប៉ាន់ស្មានថា Real Madrid មិនសូវមានតម្រូវការក្នុងការចុះហត្ថលេខាលើ Pogba នោះទេ ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះបានក្លាយជាផ្នែកសំខាន់មួយរបស់ក្រុមលោក Zinedine Zidane ខណៈពេលដែលយុវជនរូបនេះបានបង្ហាញខ្លួន ២០ ដងក្នុងរដូវកាល ២០១៩-២០ ។ Valverde បានចាប់ផ្តើមជម្រើសដំបូងនៅក្នុងការទទួលជ័យជម្នះ ៣-១ កាលពីថ្ងៃពុធលើក្រុម Valencia ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Supercopa de Espana ខណៈដែល Real Madrid បានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រដែលពួកគេនឹងត្រូវជួបជាមួយ Barcelona ឬ Atletico Madrid ដែលត្រូវប៉ះគ្នាយប់នេះ ។

    ថ្លែងបន្ទាប់ពីការប្រកួត Valverde បាននិយាយថា លោកនឹងត្រៀមខ្លួនរៀនសូត្រពី Pogba ប្រសិនបើក្រុមរបស់ខ្លួនធ្វើការនាំយកខ្សែបម្រើឆ្នើមរបស់ Man Utd ។ Valverde បាននិយាយថា៖ “Pogba? ខ្ញុំរស់នៅដោយស្ងប់ស្ងាត់ ។ ខ្ញុំព្យាយាមរីករាយនៅពេលដែលខ្ញុំពាក់អាវនេះ (ពាក់អាវ Real Madrid ) ។ ប្រសិនបើនៅពេលអនាគតគាត់ត្រូវតែមក ច្បាស់ណាស់ខ្ញុំនឹងរៀនបានច្រើនពីគាត់ក្នុងនាមជាកីឡាករម្នាក់ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី