អបអរសាទរ! កម្ពុជាទទួលបានពានរង្វាន់ស្តង់ដាគុណភាពទេសចរណ៍ចំនួន ១៥ ពីអាស៊ាន

96688
  • នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៦ ខែមករា ឆ្នាំ២០២០ នៅប្រទេសព្រុយណេ អាស៊ានបានផ្ដល់រង្វាន់គុណភាពទេសចរណ៍ ដល់ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ ដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ឆ្លើយតបទៅនឹងសូចនាករបស់ស្តង់ដាគុណភាពទេសចរណ៍អាស៊ាន ។

    ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាមានកិត្តិយសណាស់ដែលទទួលបានរង្វាន់ពីអាស៊ាន ។ នេះសបញ្ជាក់ថា គុណភាពផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា ពិតជាអាចផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងអាចធ្វើការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក ។
    សម្រាប់កម្ពុជា ក្រៅពីជ័យលាភីទីក្រុងទេសចរណ៍ស្អាតចំនួន ០៣ គឺមានជ័យលាភីសណ្ឋាគារបៃតងចំនួន ០៥ ស្តង់ដា MICE ប្រភេទបន្ទប់ប្រជុំចំនួន ០៥ រង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពចំនួន ០២ ។
    ការប្រគល់រង្វាន់ទាំងនេះ ធ្វើឡើងដើម្បីពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ក្នុងតំបន់ សំដៅបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងរបស់គោលដៅទេសចរណ៍ឣាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្ត ទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ ។
    ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលដៅ និងសេវាកម្មទេសចរណ៍ ដែលទទួលបានជ័យលាភី រួមមាន៖
    ទី១-សណ្ឋាគារបៃតងអាស៊ាន ក្នុងនោះមាន សណ្ឋាគារសុខាសៀមរាប សណ្ឋាគារ Nataya Round House Coral Bay Resort & Restaurant សណ្ឋាគារ Palace Gate Hotel & Resort សណ្ឋាគារ Memoire Palace Hotel & Resorts និងសណ្ឋាគារ Navutu Dream ។
    ទី២-ស្តង់ដា MICE ប្រភេទបន្ទប់ប្រជុំអាស៊ាន ក្នុងនោះមាន សណ្ឋាគារ Sokha Siem Reap Resort & Convention Center សណ្ឋាគារ Apsara Palace Resort & Conference Center សណ្ឋាគារ Empress Angkor សណ្ឋាគារ Prince Times និងសណ្ឋាគារ Dyvith ។
    ទី៣-ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក្នុងនោះមាន ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ក្រុងកំពត និងក្រុងតាខ្មៅ។
    ទី៤-ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន ក្នុងនោះមាន ប្រាសាទបន្ទាយឆ្មា និងសារៈមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង។

     

    សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ន អាស៊ានបានដាក់ឱ្យអនុវត្តនូវស្តង់ដាគុណភាពទេសចរណ៍ ចំនួន ៨ រួមមាន៖ ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ស្តង់ដាសហគមន៍េទសចរណ៍អាស៊ាន ស្តង់ដាបង្គន់សាធារណៈអាស៊ាន ស្តង់ដាសណ្ឋាគារបៃតងអាស៊ាន ស្តង់ដាស្ប៉ាអាស៊ាន ស្តង់ដាផ្ទះស្នាក់អាស៊ាន រង្វាន់ទេសចរណ៍ប្រកបដោយចីរភាពអាស៊ាន និងស្តង់ដាបន្ទប់ប្រជុំអាស៊ាន (MICE) ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី