
សហព័ន្ធខ្មែរកីឡាហែលទឹកបានរៀបចំវគ្គបណ្តុះបណ្តាលឆ្មាំអាងហែលទឹក ដោយបានចាប់ផ្តើមរយៈពេល ០២ថ្ងៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ នៅមណ្ឌលហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ គឺផ្តោតសំខាន់លើគោលបំណងអភិវឌ្ឍន៍វិស័យកីឡាហែលទឹកឱ្យកាន់តែរីកចម្រើនលើគ្រប់ផ្នែកទាំងអស់ ជាពិសេសគឺឆ្មាំអាងហែលទឹកនេះក៏សំខាន់ដូចគ្នាផងដែរ ដើម្បីឱ្យមន្ត្រីកីឡាករទទួលបានចំណេះថ្មីៗ និងជាជំនាញចាំបាច់នៅតាមបណ្ដាអាងហែលទឹក ពីព្រោះឆ្មាំត្រូវដឹងពីច្បាប់ និងរបៀបនៃការជួយសង្គ្រោះផ្សេងៗ ។ វគ្គសិក្សានេះមានគ្រូឧទ្ទេសពីលោក Hassan អ្នកជំនាញជនជាតិអេហ្ស៊ីប ។ លោក ហែម គីរី បានបន្ថែមថា ជាវគ្គថ្មី ជំនាញថ្មី សម្រាប់មន្ត្រីសហព័ន្ធ កីឡាករ និងគ្រូបង្វឹក ដោយវគ្គនេះពិតជាសំខាន់សម្រាប់ពួកគេ ។ ជាពិសេសនៅតាមបណ្ដាអាងហែលទឹកដែលជាទីតាំងសម្រាប់មហាជនក្ដី សម្រាប់ការប្រកួត ឬកន្លែងហ្វឹកហាត់ ព្រោះឆ្មាំអាងហែលទឹកត្រូវដឹងអំពីច្បាប់ ឬរបៀបនៃការសង្គ្រោះផ្សេងៗ ។ យើងបានសហការជាមួយ Garden City ដោយមានការឧទ្ទេសពីអ្នកជំនាញ មានបទពិសោធន៍ច្រើនឆ្នាំ ។ ម្យ៉ាងទៀត សហព័ន្ធចង់ផ្សព្វផ្សាយទៅតាមសណ្ឋាគារ និងក្លឹបហែលទឹកទូទាំងកម្ពុជា បានយល់ដឹងអំពីរបៀបជួយ សង្គ្រោះមិនមែនសង្គ្រោះតែក្នុងទឹកទេ ប៉ុន្តែការជួយសង្គ្រោះនៅលើគោកក៏ត្រូវដឹងពីរបៀប សង្គ្រោះបឋមត្រូវធ្វើម៉េចឱ្យអ្នករងគ្រោះដឹងខ្លួនសិន ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលឆ្មាំអាងហែលទឹកនេះមានសិក្ខាកាមចូលរួម ១៦នាក់ ដែលនឹងទទួលបានលិខិតបញ្ជាក់ការសិក្សាពីគ្រូឧទ្ទេសអន្តរជាតិ និងទទួលស្គាល់ពីសហព័ន្ធខ្មែរកីឡាហែលទឹកទៀតផង ៕
ដោយ៖ តារា