
ក្របខ័ណ្ឌខេមបូឌានលីគដែលជាលីគកម្រិតកំពូលរបស់កម្ពុជា ក្នុងរដូវកាល២០១៨នេះនៅរក្សាសមាសភាពក្លិបចំនួន១២ដដែល ប៉ុន្តែកែប្រែរូបមន្តប្រជែងជើងឯក ដោយយកក្រុមមានពិន្ទុច្រើនជាងគេក្រោយឆ្លងកាត់២២ប្រកួត លើកពានតែម្ដង លែងមានវគ្គ Play-Off ដូចឆ្នាំ២០១៧ទៀតហើយ។
ក្រុម គីរីវង់សុខសែនជ័យ និង ស៊ីម៉ាក់យូណាយធីត ដែលបញ្ចប់រដូវកាលមុនក្នុងចំណាត់ថ្នាក់ទី១១និង១២ ត្រូវបានកាត់ទម្លាក់ទៅលេងនៅលីគទី២ ហើយក្រុមដែលឡើងពីលីគ២មកជំនួសពួកគេវិញ គឺ សូលទីឡូអង្គរ និង វិសាខា។
ដូច្នេះ លីគកំពូលកម្ពុជារដូវកាល២០១៨ដែលនឹងចាប់ផ្ដើមនៅដើមខែមីនាខាងមុខ មានក្រុមការពារជើងឯក បឹងកេត, ក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើលដ៏, ភ្នំពេញក្រោន, អគ្គស្នងការដ្ឋាននគរបាលជាតិ, អង្គរថាយហ្គឺ , វេស្ទើនភ្នំពេញ, អគ្គិសនីកម្ពុជា, អាស៊ីអឺរ៉ុប, វិសាខា និង សូលទីឡូអង្គរ៕
ដោយ៖ តារា