អង្គការសុខភាពពិភពលោក មិនទាន់កំណត់មុខសញ្ញាដែលនាំឲ្យកើតមានជម្ងឺឆ្លងកូរ៉ូណាវីរុសនៅឡើយទេ

49846
  • ក្រសួងសុខាភិបាលបានអៈអាងថា អង្គការសុខភាពពិភពលោកមិនទាន់កំណត់មុខសញ្ញាមួយដែលនាំឲ្យកើតជម្ងឺរលាកសួតថ្មីដែលបង្កដោយមេរោគកូរ៉ូណានៅឡើយទេ ហើយនៅតែស្នើឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារនិងទប់ស្កាត់ពីការឆ្លងជំងឺនេះអោយមានប្រសិទ្ធភាព។

    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ឱ្យដឹងថា ជំងឺរលាកសួតប្រភេទថ្មីដែលបង្កដោយមេរោគកូរ៉ូណាមិនទាន់មានការរកឃើញឱ្យបានច្បាស់លាស់ពីប្រភពនៃការចំលងមេរោគនោះទេ ហើយរបៀបនៃការឆ្លងក៏ក្រុមអ្នកបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកមិនទាន់បញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយទេ។ បន្ថែមពីនេះក៏មិនមានវ៉ាក់សាំងការពារវីរុសថ្មីនេះផងដែរ។
    លោកជំទាវវេជ្ជបណ្ឌិតបានថ្លែងដូច្នេះ ក្រោយពេលដែលបណ្តាញសង្គមបានផ្សាយពីព័ត៌មាន នានាពាក់ព័ន្ធនឹងជំងឺរលាកសួតប្រភេទនេះ ថាមានថ្នាំព្យាបាលឬមុខសញ្ញាដែលចម្លងពីជម្ងឺនេះ ពីមនុស្សមា្នក់ទៅមនុស្សម្នាក់ទៀត។ លោកជំទាវបញ្ជាក់ថា ទោះបី ជំងឺរលាកសួតប្រភេទថ្មីដែលបង្កដោយមេរោគកូរ៉ូណាមិនទាន់មានការរកឃើញវិធីព្យាបាលក្តីតែអង្គការសុខភាពពិភពលោកនៅតែបន្តរុករកនិងស្រាវជ្រាវពីប្រភពនៃការចំលងអោយបានច្បាស់លាស់នៃជំងឺប្រភេទថ្មីនេះព្រមទាំងបានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវពិនិត្យសុខភាពខ្លួនឱ្យបានល្អត្រឹមត្រូវមុននិងធ្វើដំណើរជាពិសេសជៀសវាងការប៉ះពាល់អ្នកជំងឺដោយផ្ទាល់ហើយលាងសំអាតដៃឱ្យបានស្អាតគ្រប់ពេលវេលាដើម្បីធានាប្រសិទ្ធិភាពកុំឱ្យឆ្លងជំងឺប្រភេទនេះ។

    សូមបញ្ជាក់ថា មកដល់ពេលនេះ អត្រាអ្នកស្លាប់ដោយជំងឺផ្លូវដង្ហើមឈ្មោះកូរ៉ូណា នៅក្នុងប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករានេះ បានកើនដល់ ៨១នាក់ ខណៈអត្រាអ្នកឆ្លងមេរោគនេះ កើនឡើង ២៧៤០ករណី ហើយជំងឺនេះបានរាតត្បាតទៅបណ្តាលប្រទេសជាច្រើនទៀតដូចជា៖ ថៃ អូស្ត្រាលី បារាំង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង សហរដ្ឋអាមេរិច វៀតណាម នេប៉ាល់ និងកាណាដា ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី