កម្ពុជា-ម៉ុងហ្គោលី ឯកភាពគ្នាលើការតភ្ជាប់ជើងហោះហើរត្រង់ ដើម្បីពង្រីកវិស័យទេសចរណ៍

16583
  • កម្ពុជា-ម៉ុងហ្គោលី បានឯកភាពគ្នាពិភាក្សាលើលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរដ្ឋធានីអ៊ូឡាបាទ័រ (Ulaanbaatar) ព្រមទាំងប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នាកាន់តែខ្លាំងឡើង ដើម្បីជំរុញលំហូរទេសចររវាងប្រទេសទាំងពីរទៅវិញទៅមក ។
    ការឯកភាពគ្នានេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ ឯកឧត្តម ស៊ែរ៉ែនបាត ណាមរ៉ាយ (Tserenbat Namsrai) រដ្ឋមន្រ្តីបរិស្ថាន និងទេសចរណ៍ម៉ុងហ្គោលី នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។

    នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានរំលឹកអំពីចំណងការទូតរវាងប្រទេសទាំងពីរ ជាពិសេសការគាំទ្ររបស់ម៉ុងហ្គោលីដល់កម្ពុជា ក្នុងដំណាក់កាលកសាងជាតិដ៏លំបាក បន្ទាប់ពីការផ្ដួលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត ។
    ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញអំពីការបន្តអភិវឌ្ឍវិស័យទេសចរណ៍ តាមគោលការណ៍ចីរភាពរបស់កម្ពុជា ជាពិសេសការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ស្របតាមគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០៣០ ក្រោមយន្តការការងារអន្តរក្រសួង ដែលនឹងចូលរួមដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ ។
    ឯកឧត្តមរដ្ឋមន្ត្រីម៉ុងហ្គោលី ក៏បានកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា ជាពិសេសការរីកចម្រើនឥតឈប់នៃវិស័យទេសចរណ៍ និងបានគាំទ្រឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍ ។
    ភាគីទាំងពីរបានឯកភាពលើការរៀបចំឲ្យមានអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ដោយផ្ដោតលើ៖
    ១៖ ជំរុញការចែករំលែកបទពិសោធន៍ និងអភិវឌ្ឍរួមគ្នាលើទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា។ល។
    ២៖ ផ្លាស់ប្តូរដំណើរទស្សនកិច្ចស្វែងយល់ និងទស្សនកិច្ចផ្លូវការដល់ផ្នែកឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងមន្រ្តីទេសចរណ៍ជាតិ ដើម្បីជំរុញការយល់ដឹងពីវប្បធម៌ និងគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ។
    ៣៖ ពិភាក្សាលើលទ្ធភាពឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។
    ៤៖ ជំរុញការគាំទ្រគ្នាលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដោយជំរុញផ្នែកឯកជន និងសាធារណៈចូលរួមព្រឹត្តិការណ៍ទេសចរណ៍ ដែលរៀបចំដោយប្រទេសនីមួយៗ ។

    សូមរំលឹកថា កម្ពុជា និងម៉ុងហ្គោលី បានបង្កើតទំនាក់ទំនងការទូតដំបូងនៅឆ្នាំ១៩៦០ ហើយបន្ទាប់ពីកម្ពុជាបានឆ្លងកាត់សម័យកាលដ៏ខ្មៅងងឹត ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៧៩ ដោយបានជួយគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី