
នេះជាម្ចាស់ភោជនីយដ្ឋានទី២ហើយដែលបានបានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នង គឺអតីតភោជនីយដ្ឋាន «ភ្នំស្រី» បច្ចុប្បន្នឈ្មោះថា «ផ្ទះបាយតានីខ្មែរអង្គរ» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ។
លោកស្រី មុត រតនា ម្ចាស់ទីតាំងភោជនីយដ្ឋាន «ភ្នំស្រី» ដែលសព្វថ្ងៃបានជួលឱ្យលោក ជ្រុន គឹមសេង ធ្វេីអាជីវកម្មបន្តបានឱ្យដឹងថា លោកស្រីបានបើកភោជនីយដ្ឋាននេះជាង២០ឆ្នាំមកហើយ អនុស្សាវរីយ៍ក៏ច្រើន ហើយទីនេះ ក៏ជាប្រភពចំណូលនិងភាពមានបានរបស់អ្នកស្រីមកដល់សព្វថ្ងៃឱ្យរស់នៅបានសុខសាន្តជាមួយកូនចៅ។
អ្នកស្រីរីករាយនឹងប្រគល់ដីនេះជូនអាជ្ញាធរជាតិអប្សរាតាមសំណូមពរដើម្បីអភិវឌ្ឍន៍ទីនេះឱ្យកាន់តែល្អប្រសើរ ព្រោះនេះជាកម្មសិទ្ធិរបស់រដ្ឋ និងបានតាំងចិត្តតាំងពីដើមមកថា នឹងប្រគល់ជូនរដ្ឋ ពេលរដ្ឋត្រូវការ។
លោក ជ្រុន គឹមសេង អាជីករភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ដែលបានជួលទីតាំងនេះប្រកបរបរលក់អាហារជិត៣ឆ្នាំមកហើយ បានលើកឡើងថា ការប៉ះពាល់ដល់អង្គរ គឺមិនមែនជាផលប៉ះពាល់តែឆ្នាំងបាយរបស់ខ្ញុំទេ តែជាឆ្នាំងបាយជាតិទាំងមូល និងពិភពលោកដែរ ដូច្នេះការចូលរួមរបស់ខ្ញុំនេះជាចំណែកតូចណាស់ក្នុងការថែរក្សាអង្គរ ក្នុងនាមជាអ្នកទទួលបានផលពីអង្គរ ។
លោក គឹមសេង បន្តថា ខ្ញុំស្ម័គ្រចិត្តសហការជាមួយអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលក្នុងការរុះរើសំណង់ភោជនីយដ្ឋាននេះតាមសំណូមពរដោយមិនមានការបង្ខិតបង្ខំទេ ព្រោះកើតចេញពីការជជែករកដំណោះស្រាយមួយដ៏ល្អបំផុតសម្រាប់ជាតិយើងទាំងអស់គ្នាដើម្បីរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរឱ្យមានសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត តាមតម្រូវការវិស័យទេសចរណ៍ទាំងនៅទីនេះ ទូទាំងប្រទេស និងពិភពលោក។
លោកក៏បានអរគុណអាជ្ញាធរជាតិអប្សរាដែលរកដំណោះស្រាយល្អៗដល់អាជីវករ ហើយក៏សំណូមពរដល់បងប្អូននៅទីនេះ សូមយល់ថាដំណើរការនៃការរៀបចំឧទ្យានអង្គរនេះ គឺឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ចជាតិនិងពិភពលោកជាមួយគ្នា ព្រោះនេះជាមរតកពិភពលោក មិនមែនជាកម្មសិទ្ធិឯកជនណាមួយឡើយ។
ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរុះរើសំណង់ភោជនីយដ្ឋាននេះ គឺស្ថិតនៅចំទីតាំងគម្រោងដ៏ធំរបស់អាជ្ញាធរជាតិអប្សរា ដែលនឹងប្រែក្លាយទីនេះឱ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត មានគម្រោងរៀបចំទីលានបដិសណ្ឋារកិច្ច គម្រោងជួសជុលផ្លូវមុខអង្គរវត្ត គម្រោងដាំឈើ និងវាលស្មៅឱ្យមានភាពបៃតង។ ដូច្នេះ ដើម្បីសម្រេចគម្រោង អាជ្ញាធរជាតិអប្សរាចាំបាច់មានការសម្របសម្រួលជាមួយអាជីវករ សុំឱ្យមានការយោគយល់ និងចូលរួមទាំងអស់គ្នា ដើម្បីឱ្យអាជ្ញាធរជាតិអប្សរាសាងសង់និងរៀបចំហេដ្ឋារចនាសម្ពន្ធនៅទីនេះបានរលូននិងដំណើរការទាន់ពេលវេលាដែលគ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២០នេះ ដេីម្បីផលប្រយោជន៏រួមរបស់ប្រជាជនខ្មែរ និងប្រទេសជាតិទាំងមូល។
ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់អ្នកស្រី រតនា និងលោក គឹមសេង ដែលបានយល់ពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់អង្គរ និងបានស្ម័គ្រចិត្តចូលរួមដោយឆន្ទៈពិតៗជាមួយអាជ្ញាធរជាតិអប្សរាក្នុងការរុះរើភោជនីយដ្ឋាន ដើម្បីរៀបចំទីលានបដិសណ្ឋារកិច្ចមុខអង្គរវត្តបានល្អប្រសើរ សមជាប្រជាជាតិមួយដែលស្រឡាញ់មរតកដូនតា មានសណ្តាប់ធ្នាប់ និងមានការយល់ដឹងខ្ពស់ចំពោះបរិស្ថាន ៕
ដោយ៖ ស្រស់