
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា បើមានការបិទជើង ហោះហើរពីកម្ពុជាទៅចិននោះដូចជាវិធានការសម្លាប់សេដ្ឋកិច្ចកម្ពុជា និងមួយផ្នែកនៃទំនាក់ទំនងរវាងកម្ពុជានិងចិន ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី៣០ ខែមករាឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការភ័យខ្លាចជ្រុលរបស់កម្ពុជាចំពោះជំងឺកូរ៉ូណានេះបានធ្វើឱ្យមានសំណើពីប្រជាជនដូចជាការបិទជើងហោះហើរពីកម្ពុជាទៅចិនទាំងអស់នោះ គឺប្រៀបដូចជាវិធានការមួយដែលសម្លាប់សេដ្ឋកិច្ចជាតិ និងជាផ្នែកមួយការកាត់បន្ថយទំនាក់ទំនង រវាងកម្ពុជា និងចិន ។
សម្តេចតេជោបានបញ្ជាក់ថា៖ “ចំណុចនេះសូម្បីតែក្មួយខ្ញុំក៏ស្នើសុំឱ្យបិទជើងហោះហើរចេញពីប្រទេសចិនមកកម្ពុជា ចំណុចនេះខ្ញុំមិនបានឆ្លើយតបនោះទេ។ ក៏ប៉ុន្តែសំណូមពរនេះក៏មានជាបន្តបន្ទាប់តែខ្ញុំសូមប្រាប់ថាវិធានការគឺជាការសម្លាប់សេដ្ឋកិច្ចកម្ពុជា ហើយក៏ជាផ្នែកនៃការកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជា-ចិនផងដែរ”។
សម្តេចតេជោបានបន្តថា ប្រទេសចិនធំណាស់មានប្រជាជនច្រើនណាស់ ដែលរហូតដល់ពេលនេះ មានរហូតដល់ ១,៤០០លាននាក់។ ចំណែកប្រជាពលរដ្ឋកម្ពុជាមានចំនួនតូចណាស់បើប្រៀបនឹងចិន ។ រដ្ឋាភិបាលចិនមានទំនួសខុសត្រូវខ្ពស់ណាស់ចំពោះប្រជាជនចិន និងទៅលើប្រទេសនានាផងដែរ។
សម្តេចតេជោបានបញ្ជាក់បន្ថែមថា៖ “ត្រង់ដែលរដ្ឋាភិបាលចិនគិតនោះគឺ ទីក្រុងវ៉ូហាន ក៏ដូចជាតំបន់ជិតខាង ត្រូវបានដាក់មិនឱ្យមានការហោះហើរ ដូចជាការហោះហើរពីទីក្រុងវ៉ូហាន ទៅកាន់តំបន់ក្នុងប្រទេស និងនៅតាន់ប្រទេសក្រៅក៏មិនឱ្យហោះហើរ និងរថភ្លើងនិងការធ្វើដំណើរផ្សេងបានបិទអស់ ដោយទុករយៈពេលមួយរយៈ”។
ទាក់ទិននឹងស្នើសុំបិទជើងហោះហើរពីកម្ពុជានោះសម្តេចតេជោបានអះអាងថា មិនចាំបាច់នោះទេ ព្រោះថាចិនបានបិទរូច ទៅហើយ ពោលគឺមិនត្រឹមបិទពីជើងហោះហើរពីទីក្រុង វ៉ូហានមកកម្ពុជា ឬទៅកាន់ប្រទេស ដ៏ទៃទេ។ គេក៏បិទការធ្វើដំណើរផ្លូវដែក ផ្លូវគោក ដើម្បី ទុកឱ្យមានការដោះស្រាយ ។
ជាមួយគ្នានោះដែរប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាក់ថា វិធានការនូវការបិទជើងហោះហើរពីចិនមកកម្ពុជា លទ្ធផលនោះមិនមែនជាការវាយប្រហារចិននោះទេ គឺបានវាយប្រហារមកសេដ្ឋកិច្ចកម្ពុជាតែប៉ុណ្ណោះ។ ជាមួយគ្នានេះ អ្នកដែលរកស៊ី វិនិយោគទន់នៅកម្ពុជា អ្នកទេសចរណ៍ដែលចំណុចទាំងនេះនឹងសម្លាប់សណ្ឋាគារ សេវាកម្មរបស់កម្ពុជា។
ក្នុងឱកាសនោះដែរសម្តេចតេជោក៏បានលើកឡើងថា ការស្នើសុំឱ្យបិទជើងហោះហើរនោះដោយសារមានការភ័យខ្លាចហួសកម្រិតដែលនាំទៅដល់ការអំពាវនាវនិងលើកសំណើនេះ។
សម្រាប់ការទប់ស្កាត់ជំងឺកូរ៉ូណានេះដែរសម្តេចតេជោក៏បានអរគុណក្រសួងសុខាភិបាល ពិសេសនោះឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលបានធ្វើការប្រតិបត្តិរហ័សក្នុងការទប់ស្កាត់ជំងឺកូរ៉ូណាដូចជាធ្វើការត្រួតពិនិត្យតាមច្រកព្រលានយន្តហោះទាំង៣ ក៏ដូចជាច្រកព្រំដែនផ្សេងទៀតដូចជា ប៉ោយប៉ែត ច្រកព្រំដែនបាវិត ច្រកព្រំដែនផ្សេង ៕
ដោយ៖ ស្រស់