ព្រះមហាក្សត្រ ស្ដេចយាងសួរសុខទុក្ខនិងប្រទានព្រះរាជអំណោយដល់ប្រជាពលរដ្ឋ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ

53879
  • នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០នេះ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ប្រកបរបរធ្វើស្រែប្រមាណ ៥៦០គ្រួសារ ស្ថិតនៅភូមិទឹកលង១ និងភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ក្នុងព្រះរាជដំណើរតាមព្រះទីនាំងរថយន្ត ពីព្រះបរមរាជវាំង ឆ្ពោះទៅកាន់ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានចម្ងាយផ្លូវប្រមាណ ៧៥គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្ដាលតាមផ្លូវជាតិលេខ ៥ ផ្លូវជាតិលេខ ៤៤ រួចបន្តចុះតាមផ្លូវលំឆ្ពោះទៅភូមិទឹកលង ១ដល់កន្លែងប្រារព្ធព្រះរាជពិធី ។

    បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាលរួចមក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងប្រោសព្រះរាជទាននូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ និងយាងជួបសំណេះសំណាល និងទតដោយផ្ទាល់ព្រះភក្ត្ររបស់ព្រះអង្គ ចំពោះគ្រួសារប្រជាកសិករចំនួន ៦គ្រួសារ ដល់ក្នុងលំនៅឋាន ។ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយដល់គ្រួសារទាំង៦​ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) មី ១កេស ត្រីខ ១០កំប៉ុង កន្ទេល១(១,៧៥ម​. x ១,៨០ម.) ស្បែកជើងផ្ទាត់១គូ អាវយឺតចំនួន១ដែលមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ថវិកា ១០ម៉ឺនរៀល ។
    ក្នុងព្រះរាជពិធីនេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏បានប្រោសព្រះរាជទានព្រះរាជអំណោយដល់លោកគ្រូ អ្នកគ្រូ ចំនួន ២៥នាក់ និងក្រុមគ្រូពេទ្យចំនួន ៦នាក់ ដោយក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) អាវយឺតចំនួន១ ដែលមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ថវិកា ១០ម៉ឺនរៀល ។ ដោយឡែកសម្រាប់សិស្សានុសិស្សចំនួន ៩០០នាក់ ទទួលបានអាហារពេលព្រឹកមួយពេលសម្រាប់ទទួលទាន មាន៖ ទឹកបរិសុទ្ធ១ដប ទឹកក្រូច១កំប៉ុង មីចាន២ នំប៉ាវ១ នំផ្អែម១កញ្ចប់ ផ្លែប៉ោម១ផ្លែ ព្រមទាំងសម្លៀកបំពាក់មួយសម្រាប់ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ ថវិកា៥.០០០រៀល និងសម្ភារសិក្សាមួយចំនួនផងដែរ ។

    ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយទឹកព្រះទ័យសប្បាយរីករាយ និងអាណិតស្រឡាញ់ជាទីបំផុតព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងប្រោសព្រះរាជទាននូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ ដល់ប្រជារាស្រ្តជាកសិករទាំង ៥៦០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) មី ១កេស ត្រីខ ១០កំប៉ុង កន្ទេល១(១,៧៥ម​. x ១,៨០ម.) ស្បែកជើងផ្ទាត់១គូ អាវយឺតចំនួន១ ដែលមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ថវិកា ១០ម៉ឺនរៀល ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី