Fernandes ៖ មូលហេតុចម្បងដែលខ្ញុំចូលរួមជាមួយ Man Utd ក៏ព្រោះតែ Cristiano Ronaldo

21430
  • Bruno Fernandes ដែលជាកីឡាករចំណូលថ្មីរបស់ក្រុម Manchester United បាននិយាយថា លោកស្រលាញ់ក្លឹបនេះចាប់តាំងពីបានមើលកីឡាករ Cristiano Ronaldo លេងឱ្យក្រុមបិសាចក្រហមកាលពីជាង ១០ឆ្នាំមុនមកម្លេះ ។

    Man United បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើ Fernandes ពីក្លឹប Sporting CP កាលពីថ្ងៃព្រហស្បតិ៍ក្នុងតម្លៃដំបូង ៤៦.៥ លានផោន (៥៥ លានអឺរ៉ូ) បូកបន្ថែមជាមួយ ២១,១ លានផោន (២៥ លានអឺរ៉ូ) ។ កីឡាករវ័យ ២៥ ឆ្នាំដែលជាមិត្តរួមក្រុមរបស់ Ronaldo ក្នុងជម្រើសជាតិព័រទុយហ្កាល់បានចុះហត្ថលេខាលើកិច្ចសន្យា ៥ ឆ្នាំកន្លះនៅកីឡដ្ឋាន Old Trafford ដោយក្លិបនៅតែមានជម្រើសក្នុងការបន្តកិច្ចព្រមព្រៀងមួយរដូវកាលបន្ថែមទៀត ។

    បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ក្នុងរដូវកាលដំបូងនៅឆ្នាំ ២០០២-០៣ Ronaldo ត្រូវបានក្លឹបបិសាចក្រហមនាំយកនៅរដូវកាលបន្ទាប់ និងបានជួយឱ្យក្លឹបឈ្នះពានរង្វាន់ Premier League ចំនួន ៣ , Champions League និង Club World Cup ចំនួនមួយដងដូចគ្នា មុនពេលចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០០៩ ក្នុងតម្លៃផ្ទេរកំណត់ត្រាពិភពលោកកាលពីគ្រានោះ ។

    Fernandes បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបថា៖ “ សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះក្រុម Manchester United ពិតជាបានចាប់ផ្តើមនៅពេលដែលខ្ញុំធ្លាប់បានមើលការលេងរបស់ Cristiano Ronaldo ហើយចាប់តាំងពីពេលនោះមកខ្ញុំគឺជាអ្នកគាំទ្រដ៏អស្ចារ្យនៃក្លិបដ៏អស្ចារ្យមួយនេះ ។ សម្រាប់ខ្ញុំពេលនេះលេងឱ្យក្រុមបិសាចក្រហមមានអារម្មណ៍មិនគួរឱ្យជឿ ខ្ញុំបានខំប្រឹងយ៉ាងខ្លាំងដើម្បីឈានដល់ពេលនេះ ហើយខ្ញុំអាចសន្យាដល់អ្នកគាំទ្រថា ខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងសម្រាប់ក្លឹប ដើម្បីជួយឱ្យយើងទទួលបានជោគជ័យ និងពានរង្វាន់ជាច្រើន ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី