ឆ្នាំ២០១៩នេះ កម្ពុជាបានចាប់បញ្ចូនជនបរទេសល្មើសច្បាប់ជាង១៥០០នាក់ទៅប្រទេសកំណើតវិញ

11514
  • ក្នុងឆ្នាំ២០១៩កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជូនជនបរទេសល្មើសច្បាប់ជាង ១៥០០នាក់ទៅប្រទេសកំណើតវិញ ។

    ឯកឧត្តមនាយឧត្ដមសេនីយ៍ គៀត ចាន់ថារិទ្ធ អគ្គនាយនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានអៈអាងថា កម្ពុជាក៏មិនខុសពីបណ្តាប្រទេសក្នុងតំបន់ និងប្រទេសមានការអភិវឌ្ឍផ្សេងទៀតដែរ គឺតែងតែលេចឡើងគួរឱ្យកត់សម្គាល់នូវវត្តមានជនបរទេសស្នាក់នៅខុសច្បាប់ រួមមានការលួចជ្រៀតចូលដោយគ្មានលិខិតស្នាម ការស្នាក់នៅគ្មានលិខិតឆ្លងដែន ស្នាក់នៅហួសរយៈពេលកំណត់ជនរត់គេចពីសំណាញ់ច្បាប់នៃប្រទេសដទៃ ព្រមទាំងការធ្វើសកម្មភាពល្មើសច្បាប់នានា ទោះបីជាបានពង្រឹងវិធានការលើកកម្ពស់ការត្រួតពិនិត្យផ្តល់ទិដ្ឋាការចូល និងផ្តល់ការអនុញ្ញាតបន្តការស្នាក់នៅក៏ដូចជាការត្រួតពិនិត្យការធ្វើដំណើរចូលតាមច្រកទ្វារយ៉ាងម៉ត់ចត់ក៏ដោយ ។
    ថ្លែងក្នុងពិធី បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កាលពីរសៀលថ្ងៃទី៣០ ខែមករា ឯកឧត្តមនាយឧត្ដមសេនីយ៍បានបញ្ជាក់ថា ក្នុងចំណោមជនបរទេសដែលបានបញ្ជូនចេញនោះ មានជនបរទេសបានប្រព្រឹត្តបទល្មើសជម្រិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ និងបទល្មើសហ្គេមអនឡាញជិត ៩០០នាក់ មាន ៨សញ្ជាតិ ស្នាក់នៅគ្មានលិខិតឆ្លងដែនចំនួន ២៤២នាក់ មាន ៤០សញ្ជាតិ លើសទីដ្ឋាការ១២៦នាក់ មាន ៣២សញ្ជាតិ និងប្រើប្រាស់សារធាតុញៀន ២០០នាក់ មាន៨សញ្ជាតិ ។

    ជាមួយគ្នានេះ អគ្គនាយនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា ជនបរទេសប្រព្រឹត្តល្មើសច្បាប់ស្តីពីអន្តោប្រវេសន៍ និងល្មើសច្បាប់ គឺមាន ៦៣សញ្ជាតិ ក្នុងនោះជនជាតិចិន ថៃ វៀតណាម នីហ្សេរីយ៉ា ឥណ្ឌា កូរ៉េខាងត្បូង និងអាមេរិកជាដើម ។
    សូមបញ្ជាក់ថា បើគិតពីឆ្នាំ២០១៤ ដែលរអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានបង្កើតឡើង ដល់ដំណាច់ឆ្នាំ២០១៩ គឺមានជនបរទេស សរុបជាង ១៦,២០០នាក់ហើយ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តវិធីបណ្តេញចេញពីប្រទេសកម្ពុជាដោយសារបទល្មើសផ្សេងៗ ៕

    ដោយ៖ សំណាង

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី