
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុចប៊ូតុងប្រកាសជាផ្លូវការថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងប្រកាសបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែមករាឆ្នាំ២០២០នេះ ។
តាមការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិអន្តរជាតិ បានឲ្យដឹងថា កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ហៅកាត់ថា ASEM លើកទី១៣ ដែលកិច្ចប្រជុំនេះ នឹងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២០ ។ កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៦ និង ១៧ វិច្ឆិកា ក្រោមប្រធានបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» ។ ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប កម្ពុជានឹងត្រូវរៀបចំធ្វើកិច្ចប្រជុំកំពូលចំនួន៧ រួមមាន៖
១) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប
២) វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុប
៣) កិច្ចប្រជុំកំពូលថ្នាក់ ដឹកនាំវ័ យក្មេងមូលនិធិ អាស៊ី-អឺរ៉ុប
៤) វេទិកាតុមូលនិពន្ធនាយកមូលនិធិអាស៊ី-អឺរ៉ុប
៥) វេទិកាការងារអាស៊ី-អឺរ៉ុប
៦) វេទិកាប្រជាជនអាស៊ី-អឺរ៉ុប
៧) មហោស្រពវប្បធម៌កិច្ចប្រជុំអាស៊ី-អឺរ៉ុប ។
គួររំលឹកថា ក្នុងឱកាសអញ្ជើញចូរួមក្នុងសម័យប្រជុំបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២ នៅទីក្រុងប្រ៊ុចសែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមេដឹកនាំទាំងអស់នៃប្រទេសអាស៊ី និង អឺរ៉ុប ឱ្យមកអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ហៅកាត់ថា ASEM លើកទី ១៣ នៅរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាវេទិកាសន្ទនាដែលមានគោលដៅជំរុញ និងលើកស្ទួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសអាស៊ី និងអឺរ៉ុប ដែលឈរលើគោលការណ៍ស្មើភាពគ្នា និងដើម្បីប្រយោជន៍រួម ។ សមាជិកនៃវេទិកានេះមានប្រទេសអាស៊ី និងអឺរ៉ុបសរុបទាំងអស់ ៥១ បូកជាមួយលេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប ៕
ដោយ៖ ស្រស់