
អតីតកំពូលខ្សែបម្រើឆ្នើមលោក Kaka ជឿជាក់ថា Lionel Messi អាចនឹងចាកចេញពីក្រុមមានបុណ្យ Barcelona មែន ហើយលោកមិនបានគិតថា តារាជើងស៊ុតរូបនេះនឹងមានបញ្ហាក្នុងការផ្លាស់ប្តូរពីក្របខណ្ឌ La Liga ទៅកាន់ក្របខណ្ឌ Premier League នោះទេ ។
Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលត្រូវបានគេឱ្យដឹងថា មានការខឹងសម្បាយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយរបស់លោក Eric Abidal ប្រធានផ្នែកកីឡាដែលបានចោទជាសំណួរថា តើកីឡាករមួយចំនួនបានបង្ហាញការប្តេជ្ញាចិត្តពេញលេញក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Ernesto Valverde ទេ? Messi ក៏បានឆ្លើយតបយ៉ាងចាស់ដៃអំពីពាក្យសម្ដីរបស់លោក Abidal ផងដែរ ។ ហើយក្រោយពីមានបញ្ហានេះកើតឡើងមានពាក្យចរចាអារ៉ាមជាច្រើនបាននិយាយថា ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះកំពុងពិចារណាក្នុងការចាកចេញពី Barcelona ដែលជាទីកន្លែងដ៏ជោគជ័យបំផុតនៅក្នុងអាជីពរបស់លោក ខណះ Manchester City ជាអ្នកចេញមកចាប់អារម្មណ៍មុនគេ ។
វិរៈបុរសជម្រើសជាតិប្រេស៊ីល និង Real Madrid លោក Kaka បានប្រាប់ទូរទស្សន៍ Sky Sports News អំពី Lionel Messi ថា៖ “ខ្ញុំគិតថាវានឹងមិនមានបញ្ហាសម្រាប់គាត់ក្នុងការលេងនៅក្នុងក្របខ័ណ្ឌ Premier League ឬការលេងនៅក្លិបមួយក្នុងលីកកំពូលទាំង៣ នៅលើពិភពលោកនោះទេ ។ ប៉ុន្តែពិតណាស់វាអាស្រ័យលើអ្វីដែលគាត់ចង់បានសម្រាប់អាជីពរបស់គាត់ ។ វាពិបាកនឹងឃើញគាត់លេងឱ្យក្លិបផ្សេង ប៉ុន្តែវាគ្រាន់តែ … (គាត់ប្រហែលជាមានអារម្មណ៍) វាមិនអីទេវាដល់ពេលដែលខ្ញុំត្រូវផ្លាស់ប្តូរហើយ ខ្ញុំនឹងទៅរកបទពិសោធន៍ផ្សេងទៀត ហើយខ្ញុំនឹងក្លាយជាកីឡាករបាល់ទាត់ឆ្នើមបំផុតនៅលើពិភពលោកសម្រាប់ក្រុមផ្សេងទៀត ។ ខ្ញុំគិតថាអ្វីដែលសំខាន់បំផុតនោះគឺមិនមែនជាផ្នែកជម្លោះនោះទេ ” ។
អតីតម្ចាស់ពាន Ballon D’or ឆ្នាំ២០០៧ រូបនេះបន្តទៀតថា៖ “ នៅពេលដែល Ronaldo ចាកចេញពី Madrid យើងមានការសោកស្តាយដែល Ronaldo បានចាកចេញពីក្លឹប ហើយពិតណាស់ពួកគេជាច្រើនមានការសោកស្តាយដែល Ronaldo ចាកចេញពី Real Madrid ។ ប៉ុន្តែខ្ញុំគិតថាអ្នកទាំងអស់គ្នានៅពេលនោះបានយល់ហើយថាមិនអីទេសម្រាប់គាត់វាជាបញ្ហាប្រឈមមួយទៀត គាត់ត្រូវការការប្រកួតប្រជែងមួយទៀត គាត់ត្រូវការផ្លាស់ប្តូរ វាមិនអីទេ យើងគឺជាក្លឹបមួយក្នុងចំណោមក្លឹបល្អបំផុតនៅលើពិភពលោក ហើយយើងនឹងបន្តដំណើរទៅមុខទៀត ។ Madrid ត្រូវការកសាងឡើងវិញ ។ វាមានផ្លូវកាន់តែច្រើន ប្រសិនបើវានឹងកើតឡើង វាជាវិធីដែលវានឹងកើតឡើង” ៕
ដោយ៖ តារា