
អតីតកីឡាករឆ្នើម AC Milan និង Real Madrid លោក Kaka បានឱ្យដឹងថា Roberto Firmino និង Luis Suarez គឺជាខ្សែប្រយុទ្ធឆ្នើមបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន ។
Roberto Firmino កំពុងរីករាយជាមួយនឹងរដូវកាលដ៏ល្អមួយផ្សេងទៀតនៅឯ Anfield ដែលជួយឱ្យក្រុម Liverpool ឆ្ពោះទៅរកការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ជាលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំ ខណៈពេលដែលរូបគេបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនផងដែរ ។ Firmino រកគ្រាប់បាល់បាន ១០ គ្រាប់ក្នុង ៣៣ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់រាប់បញ្ចូលទាំងគ្រាប់បាល់ជ័យជំនះនៅក្នុងការប្រកួត Club World Cup កាលពីខែធ្នូផងដែរ ។
ទន្ទឹមនឹងនេះខ្សែប្រយុទ្ធដ៏មុតស្រួច Luis Suarez គឺស្ថិតក្នុងទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Barcelona មុនពេលរងរបួសជង្គង់កាលពីខែមករាដែលត្រូវបានគេរំពឹងថា នឹងធ្វើឱ្យកីឡាកររូបនេះនៅក្រៅទីលានរហូតដល់ខែឧសភា ។ កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះរកបាន ១១ គ្រាប់និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចំនួន ៧ ដងសម្រាប់ Barcelona នៅក្របខណ្ឌ La Liga ។វិរះបុរសប្រេស៊ីល Kaka ដែលបានឈ្នះក្របខណ្ឌ LaLiga ជាមួយក្រុមស្ដេចស Real Madrid កាលពីឆ្នាំ ២០១២ បានពណ៌នាថា Firmino និង Suarez គឺជាខ្សែប្រយុទ្ធដែលមានប្រសិទ្ធិភាពបំផុតនាពេលបច្ចុប្បន្ន ។
Kaka បានប្រាប់ទូរទស្សន៍ Sky Sports អំពីមិត្តរួមជាតិរបស់ខ្លួនមួយចំនួនទៀតផងដែរថា៖ “ Alisson គឺជាអ្នកចាំទីល្អបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ។ Fabinho គឺជាខ្សែបម្រើឆ្នើមម្នាក់ហើយសម្រាប់ខ្ញុំ Firmino និង Suarez គឺជាខ្សែប្រយុទ្ធឆ្នើមបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ។ Firmino មិនមែនគ្រាន់តែជាខ្សែប្រយុទ្ធម្នាក់ដែលឈរជើងក្នុងប្រអប់គ្រប់ពេលនោះទេ គាត់មកទទួលបាល់ហើយបង្កើតការលេង ។ សម្រាប់ខ្ញុំវាពិតជាល្អណាស់ដែលឃើញកីឡាករប្រេស៊ីលទទួលបានជោគជ័យដ៏អស្ចារ្យនេះនៅ Premier League” ៕
ដោយ៖ តារា