Aaron Ramsey បានចុះកុងត្រា ៤ ឆ្នាំជាមួយ Juventus កាលពីរដូវក្ដៅឆ្នាំ២០១៩ ប៉ុន្តែទើបតែចូលលេងបាន ១២ ប្រកួតប៉ុណ្ណោះ។ យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Calciomercato ក្លឹប Juventus កំពុងពិចារណាលក់កីឡាកររូបនេះចេញក្នុងអំឡុងរដូវក្ដៅនេះ ។
ក្រោយពីបានរួមរស់អស់ពេល ១១ឆ្នាំជាមួយក្លឹប Arsenal គេរំពឹងថា Ramsey នឹងបង្ហាញសមត្ថភាពម្ដងទៀតក្នុងលីគកំពូលអ៊ីតាលី ។ ផ្ទុយទៅវិញ ដោយសារបញ្ហារបួស គេពិបាកនឹងប្រជែងដណ្ដើមឱកាសបង្ហាញខ្លួនក្នុងប្រព័ន្ធលេងរបស់លោក Sarri ណាស់ ។ មកទល់នឹងពេលនេះ គេទើបតែរកបានគ្រាប់បាល់ ២គ្រាប់ប៉ុណ្ណោះ នៅគ្រប់ការប្រកួតប្រភេទពានរង្វាន់ទាំងអស់ ។លើសពីនេះទៅទៀត ដោយសារគេបានទិញ Ramsey ដោយមិនអស់តម្លៃផ្ទេរ ការលក់គេចេញមុនផុតកុងត្រាដល់ទៅ ៣ឆ្នាំនឹងផ្ដល់ប្រាក់ចំណេញដល់ក្លឹប ។
គួររំលឹកថា Juventus ទើបតែលក់កីឡាករ Emre Can ឱ្យក្លឹប Borussia Dortmund ហើយបើគេចង់លក់ Ramsey ម្នាក់ទៀត គេចាំបាច់ត្រូវរកកីឡាករដែលមានសមត្ថភាពមកជំនួសក្នុងអំឡុងពេលដោះដូរកីឡាករនៅឆ្នាំ២០២០ នេះ ។ នៅត្រូវរង់ចាំមើលបន្តទៀតថា តើ Juventus អាចនឹងផ្ដល់ពេល ១ឆ្នាំទៀតឱ្យ Ramsey បង្ហាញសមត្ថភាពដែរឬយ៉ាងណា ៕
ដោយ៖ តារា