បុរសជនជាតិចិន ដែលជាសះស្បើយ១០០%ពីជម្ងឺវីរុសកូរ៉ូណាថ្មី បានចាកចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុហើយ

86587
  • ឯកឧត្តម លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្តល់ព័ត៌មានដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឱ្យដឹងថា បុរសជនជាតិចិនឈ្មោះ ចា ជិនហួរ អាយុ ៦០ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុហើយនៅព្រឹកមិញនេះ បន្ទាប់ពីទទួលបានការព្យាបាលប្រកបដោយការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យកម្ពុជា និងក្រោយពីការធ្វើតេស្តចំនួន ៣ ដងនៅវិទ្យាស្ថានប៉ាស្ទ័របង្ហាញនូវលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណាថ្មី (2019-nCoV) ។

    បុរសជនជាតិចិនរូបនេះ បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ ៣ នាក់ទៀត កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយបន្ទាប់ពីមកដល់ខេត្តព្រះសីហនុបានរយៈពេល ២ថ្ងៃ បុរសរូបនេះចាប់មានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល ពិនិត្យឃើញថា គាត់មានជំងឺរលាកសួត ដោយវីរុសកូរ៉ូណាប្រភេទថ្មី ចំណែកឯក្រុមគ្រួសាររបស់គាត់ គឺពុំមាននោះទេ ។ ក្នុងឱកាសនៃការចាកចេញពីមន្ទីរពេទ្យនៅព្រឹកនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ព្រមទាំងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងស្ថានទូតចិននៅកម្ពុជា បានអញ្ជើញចុះពិនិត្យផ្ទាល់ពីស្ថានភាពរបស់គាត់ និងសម្តែងការអបអរសាទរផងដែរ ។
    ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ ប្រទេសកម្ពុជា គឺរក្សាតួលេខករណីវីរុសកូរ៉ូណានេះតែ ១ គត់គិតត្រឹមថ្ងៃនេះ ហើយដែលបានព្យាបាលបានជាសះស្បើយដោយជោគជ័យ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី