ឃុំជាំក្រវៀន រៀបចំពិធីចាប់ត្រីបែបបុរាណដើម្បីបង្ហាញពីប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋក្នុងឃុំ

91249
  • អាជ្ញាធរឃុំជាំក្រវៀនត្រៀមរួមគ្នាធ្វើពិធីចាប់ត្រីរយៈពេល ៣ថ្ងៃ ដើម្បីបង្ហាញពីប្រពៃណីទំនៀមទម្លាប់ដ៏សែនសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងឃុំជាំក្រវៀន បន្ទាប់ពីប្រមូលផលកសិកម្មរួចរាល់ ។
    លោក ហង្ស សុវណ្ណមេសា មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ពីធីចាប់ត្រីបែបធម្មជាតិនេះនឹងមានមនុស្សចូលរួម យ៉ាងច្រើនកុះករ ព្រោះជាប្រពៃណីទំនៀមទំលៀបរបស់ពួកគាត់ជាយូរលង់ណាស់មកហើយ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាបន្សល់ទុក និងមានពិធីសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដី បន្ទាប់ពីរដូវប្រាំងដាច់ទឹកភ្លៀង ។

    លោកបានបន្តថា ពិធីចាប់ត្រីដ៏ធំនេះនឹងប្រារព្ធឡើងនៅបរិវេណបឹងត្រពាំងក្រមស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ។
    លោកបានបន្ថែមទៀតថា ថ្ងៃទី១៣ ខែកុម្ភៈ ជាកម្មវិធីដើរលេងកម្សាន្តទស្សនាទេសភាព នៅជុំវិញតំបន់បឹងត្រពាំងក្រម រីឯនៅរាត្រីនឹងមានកម្មវិធីរាំលេងកម្សាន្តទល់ភ្លឺ ហើយនៅថ្ងៃទី១៥ គឺជាថ្ងៃចាប់ត្រី ហើយប្រជាពលរដ្ឋ អាចប្រើប្រាស់បានតែឧបករណ៍នេសាទបុរាណប៉ុណ្ណោះ ដើម្បីចុះចាប់ត្រី រួមមានដូចជា ឈ្នាង អង្រុត និងឧបករណ៍បុរាណជាច្រើនផ្សេងទៀត ។
    លោកបាននិយាយថា៖ ” កម្មវិធីនេះមានតាំងពី បុរាណមក បឹងនឹងមានទំហំប្រហែល១០០ម៉ែត្រ៤ជ្រុង ចាស់ៗបុរាណឲ្យតែក្នុងរដូវចុងខែ១ដើមខែ២ គឺក្នុងខែ២នេះតែម្តងនឹង ទឹកស្រកទៅនៅទំហំប៉ុណ្ណឹងចឹងគាត់ទៅចាប់ត្រីទៅ ដល់ពេលចឹងទៅវាទៅជារបៀបរបបនៃការជុំគ្នាចាប់ត្រី១ឆ្នាំម្តងៗរហូតមក នេះគឺជាទំនៀមទំលាប់ហើយគាត់ទៅចាប់នោះគឺមិនមែនគាត់យកសំណាញ់អីទេ គឺគាត់យកឈ្នាង គាត់យករបស់បុរាណៗដែលគាត់បង្កើតដោយផ្ទាល់ ” ។
    លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមឲ្យបានច្រើនកុះករព្រោះសំរាប់ថ្ងៃទី៣ នឹងមានការអញ្ចើញចូលរួមពីឯកឧត្តមអភិបាលខេត្តដោយផ្ទាល់ ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ដោយមិនប្រកាន់ថាមកពីបណ្តាខេត្ត ក្រុង ស្រុកណានោះឡើយ ។

    សូមបញ្ជាក់ឱ្យដឹងផងថា តំបន់បឹងក្រម មានផ្ទៃដីប្រមាណ ៣០ ហិកតា និងផ្ទៃបឹងទំហំ ១ ហិកតា ហើយអាជ្ញាធរស្រុក មិនដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋចុះនេសាទត្រីក្នុងបឹងក្រមនេះឡើយ គឺដើម្បីរក្សាត្រីទុក សម្រាប់ប្រារព្ធពិធីចាប់ត្រីជារៀងរាល់ឆ្នាំ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី