ក្រុមអ្នកស្រាវជ្រាវ រកឃើញផ្កាអ័រគីដេរហូតដល់ចំនួន ១៦០ ប្រភេទ នៅក្នុងប្រទេសកម្ពុជា

168986
  • ក្រសួងបរិស្ថាន អះអាងថា ក្រុមអ្នកស្រាវជ្រាវ បានរកឃើញ ប្រភេទផ្កាកេសរកូល ឬហៅថា អ័រគីដេ នៅកម្ពុជាចំនួន ១៦០ប្រភេទ ខណៈផ្កាប្រភេទនេះ ត្រូវគេប៉ាន់ស្មានថា មាននៅកម្ពុជាប្រមាណរហូតដល់ជាង ៥០០ប្រភេទ ។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា កម្ពុជាអាចចាត់ទុកជាប្រទេសមួយដែលសំបូរទៅដោយប្រភេទកេសរកូលព្រៃ ហើយមានពូជខ្លះ ក៏ជាពូជកម្រផងដែរ ។

    សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែមករានេះ ក្រសួងបរិស្ថាន បានរៀបចំវេទិកាកេសរកូល លើកទី១ នៅកម្ពុជា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព និងសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិនៃទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីសហការរៀបចំបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ។
    ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថាកាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានសម្រេចបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្នុងគោលបំណងលើកកម្ពស់ការសិក្សាស្រាវជ្រាវ និងអភិរក្សកេសកូល សំដៅធានាឲ្យបាននូវការគ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ឯកឧត្តម បន្តថា មជ្ឈមណ្ឌលនេះ នឹងផ្តល់អត្ថប្រយោជន៍ផ្សេងៗជាច្រើនជាអាទិ៍ដូចជា រក្សា និងស្ដារពូជកេសរកូលព្រៃក្នុងស្រុក ប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រា និងធ្វើសារពើភ័ណ្ឌ សម្រាប់ សិក្សាស្រាវជ្រាវ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្តពីកេសរកូលព្រៃសម្រាប់មនុស្សជំនាន់ក្រោយ ។

    ក្រសួងបរិស្ថាន មានបំណងប្រែក្លាយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំគូលែន ឲ្យក្លាយទៅជាផលិតផលទេសចរថ្មីបែបធម្មជាតិ បន្ថែមលើផលិតផលទេសចរណ៍បេតិកភណ្ឌវប្បធម៌ដ៏សម្បូរ បែបនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី