
យោងតាមនាយកកីឡារបស់ក្លឹប Bologna លោក Walter Sabatini បានឱ្យដឹងថា Riccardo Orsolini មានតម្លៃយ៉ាងតិច ៧០ លានអឺរ៉ូ (៥៩ លានផោន / ៧៦ លានដុល្លារ) ចំពេលមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបសេះបង្កង់ Juventus ។
Orsolini អាយុ ២៣ ឆ្នាំបានចូលរួមជាមួយក្លឹប Bologna ក្នុងការខ្ចីជើងពី Juventus កាលពីខែមករាឆ្នាំ ២០១៨ មុនពេលការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍មុនបើករដូវកាល ២០១៩/២០២០នេះ។ ខ្សែប្រយុទ្ធកំពុងឡើងជើងរូបនេះបានរកគ្រាប់បាល់បាន ៧ គ្រាប់និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបានចំនួន ៤ ដងក្នុងការប្រកួតក្របខណ្ឌ Serie A ចំនួន ២៣ ប្រកួតនៅរដូវកាលនេះ ដែលនាំឱ្យមានរបាយការណ៍ជាច្រើននិយាយថា Juve ប្រហែលជាចាប់អារម្មណ៍ក្នុងការនាំគាត់ត្រឡប់ទៅទីក្រុង Turin វិញ ។
Orsolini មិនដែលបង្ហាញមុខក្នុងកំឡុងពេលដែលគាត់នៅជាមួយក្រុម Juventus នោះទេ បន្ទាប់ពីបានចូលរួមជាមួយក្រុមម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Serie A ពីក្រុម Ascoli ដែលជាក្រុមនៅក្របខណ្ឌ Serie B ( លីគលំដាប់ទី២ របស់អ៊ីតាលី ) កាលពីខែមករាឆ្នាំ ២០១៧ ។ កីឡាកររូបនេះបានចាប់ផ្តើមប្រកបអាជីពនៅក្លឹប Atalanta មុនពេលផ្លាស់ទៅកាន់ក្លឹប Bologna សម្រាប់រដូវកាល ២០១៨/២០១៩ ។ ក្នុងរដូវកាលនោះគាត់បង្ហាញខ្លួនបានសរុប ៣៧ លើកស៊ុតបញ្ចូលទីបាន ១០ គ្រាប់នៅគ្រប់ការប្រកួត ។
ហើយបើយោងតាមប្រភពក្នុងប្រទេសអ៊ីតាលីបានឱ្យដឹងថា Orsolini អាចវិលត្រឡប់ទៅកាន់ Juventus វិញក្នុងតម្លៃ ២៥ លានអឺរ៉ូ (២១ លានផោន / ២៧ លានដុល្លារ) ខណះលោក Sabatini បានទទូចថា គ្មានការទិញត្រឡប់ទៅវិញនោះទេ ហើយបាននិយាយទៀតថា កីឡាករអន្តរជាតិអ៊ីតាលីរូបនេះនឹងមានតម្លៃគុណនឹង ៣ ដងឯណោះ ៕
ដោយ៖ តារា