
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើសុំដល់ ប្រធានាធិបតីកូរ៉េ ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីតំបន់ជ្រោយចង្វារ ទៅកាន់ ស្វាយជ្រុំ និងតំបន់អរិយក្ស ខណៈកម្ពុជា និងកូរ៉េ នៅមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ នោះទេ ។
ក្នុងពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ (ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់) និងផ្លូវជាតិលេខ២២ (ពីអូរចំបក់ ដល់អង្គតាសោម) នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ ដែលពីធីនេះ បានប្រារព្ធធ្វើនៅក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ “ខ្ញុំបាននិយាយផ្ទាល់ជាមួយឯកឧត្ដម មូនជេ អ៊ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េតែម្តង ខ្ញុំថាឯកឧត្តម កម្ពុជាមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ពានមិត្តភាពកម្ពុជា-ចិន។ ក៏ប៉ុន្តែនៅមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ ” ។
សម្តេចតេជោបានបន្ដថា នៅចុងខែកុម្ភៈខាងមុខ ប្រធានអង្គការ KOICA នឹងមកទស្សនកិច្ចនៅកម្ពុជា ហើយនាំទៅមើលកន្លែងសាងសង់ស្ពានតែម្តង ព្រោះថាឥឡូវនឹងតំបន់អរិយក្ស ជាតំបន់ដែលអភិវឌ្ឍន៍។
សម្ដេចតេជោបានលើកឡើងថា កូរ៉េបានផ្តល់កម្ចីហិរញ្ញប្បទានមកកម្ពុជាឆ្នាំ២០១៩-២០២៣ ចំនួន ៧០០លានដុល្លារ។
ដូច្នេះ ថវិកាទាំងនេះ ចំណុចអាទិភាពដល់កម្ពុជាដើម្បីស្នើសុំបែងចែកថវិកានៃឥណទានសម្រាប់ផ្តល់កម្ពុជាលើគម្រោងស្ពាននឹងតែម្តង ។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានបន្ថែមថា បើប្រជាកសិករ ធ្វើការផលិត និងទទួលបានផលហើយ តែគ្មានផ្លូវដឹកជញ្ជូនទេ ក៏មិនអាចដោះស្រាយបានទេសម្រាប់ជីវភាពប្រជាជននោះ ។
សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ ដែលក្នុងនោះ ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ (ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង៥,៤គីឡូម៉ែត្រ ខេត្តកណ្ដាលប្រវែង ១៤,២១គីឡូម៉ែត្រ និងខេត្តតាកែវប្រវែង ៥២,៥៦គីឡូម៉ែត្រ) និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ៥៦,១លានដុល្លារអាម៉េរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ ៕
ដោយ៖ សំណាង